ព័ត៌មាន
ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត Toyota Academy នៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា បន្ទាប់ពីការសម្ពោធជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ ដែលរួមមាន៖ (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង (២) ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា ៕

អត្ថបទ : BTV NEWS
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ