ព័ត៌មាន
ព្រះមហាក្សត្រ៖ ការដាំដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់មនុស្សជាតិ និងសត្វគ្រប់ប្រភេទ
ភ្នំពេញ៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤) នៅព្រឹក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលថា ការដាំដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់មនុស្សជាតិ និងសត្វគ្រប់ប្រភេទ។

ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី «រុក្ខទិវា ៩កក្កដា» ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏ស្រស់បំព្រងនេះ។
ព្រះអង្គមានព្រះរាជបន្ទូលថា នេះគឺជាលើកទី៤ នៃការប្រារព្ធ ពិធីរុក្ខទិវា” ដែលព្រះករុណា ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គបានយាងចូលរួមក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ ព្រះអង្គមានព្រះរាជបន្ទូលថា កាលពីឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវនេះដែរ។
ក្នុងឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវរួមគ្នាសម្រេចបាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបន្ទូលថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ។
ព្រះអង្គមានព្រះរាជបន្ទូលថា៖«ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី «រុក្ខទិវា» និងសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យ សង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេសហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។

ព្រះករុណា ព្រះមហាក្សត្រ បញ្ជាក់ថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះប្រកបដោយជោគជ័យ ។
ខ្ញុំព្រះករុណា ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។
ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ៕











អត្ថបទ : BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧