ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញពីវឌ្ឍនភាពការងារអភិវឌ្ឍន៍ជនបទជូនរដ្ឋសភានីតិកាលទី៧
នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។
កិច្ចជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងគោលដៅអភិវឌ្ឍន៍តំបន់ជនបទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុខភាព និងសុភមង្គល ។ ជាមួយនឹងបេសកកម្មដ៏មុតស្រួចរបស់ក្រសួង ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវចក្ខុវិស័យគន្លឹះ គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានកំណត់យកកម្មវិធីអាទិភាពចំនួន៤ សម្រាប់ធ្វើការវិនិយោគ រួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ កម្មវិធីអាទិភាពទាំង៤ របស់ក្រសួងខាងលើនេះ គឺជាធាតុផ្សំដ៏ចាំបាច់ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងរយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបានអនុវត្តកម្មវិធីទាំង៤ ប្រកបដោយការយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលជាច្រើនដូចខាងក្រោម៖ កម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ក្រសួងបាន និងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្រិតគុណភាពពីផ្លូវដីស ផ្លូវល្បាយគ្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖ – បានថែទាំ និងជួសជុលផ្លូវជនបទ ប្រវែង ៣.៤៦១គ.ម – បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុប ១.០០៧គ.ម – បានសាងសង់សំណង់សិល្បការ្យ ចំនួន ៤៧៨កន្លែង ។ កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្រសួងបាន និងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យជនបទ តាមរយៈការជីក និងស្តារស្រះសហគមន៍ ខួងអណ្តូងស្នប់ ផ្តល់ពាងយក្ស សាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍ខ្នាតតូច សាងសង់ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ ផ្តល់ចុងចម្លោះទឹកស្អាត សាងសង់បង្គន់អនាម័យ និងអប់រំអំពីអនាម័យ និងការសម្អាត ។ កម្មវិធីទី៣: ការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទជាចំណែកមួយក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយការធ្វើចំណាកស្រុក ស្ថានភាពរស់នៅឱ្យបានល្អប្រសើរ ។ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍ និងការអភិរក្សសហគមន៍ជនជាតិដើមភាគតិច ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយគោរពនូវសេចក្តីថ្លៃថ្នូរ អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីរបស់ជនជាតិដើមភាគតិចនីមួយៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៖ – បានបញ្ចប់ការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ – បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ – បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៦ – បានបញ្ចប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២៥-២០២៧ បាន និងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ -បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ចំនួន ២វគ្គ – បន្តអនុវត្តកម្មវិធីកំណែទម្រង់ចំនួន៣ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ -បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ – បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ – បាននិងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលជាច្រើនដែលប្រសូត្រចេញពីការអនុវត្តន៍កម្មវិធីទាំង៤ ខាងលើ បានឆ្លុះបញ្ចាំងពីកិច្ច ខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំពោះរាជរដ្ឋាភិបាល នៅក្នុងគោលដៅលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ឱ្យបានល្អប្រសើរជាលំដាប់ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានឆ្លើយបំភ្លឺបញ្ជាក់បន្ថែមលើចម្ងល់ និងចំណាប់អារម្មណ៍របស់តំណាងរាស្រ្ត នៅក្នុងអាណត្តិទី៧នេះ និងសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមានសមត្ថភាពដឹកនាំស្ថាប័ននេះឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពល និងចំណេះដឹងខ្ពស់ ជាពិសេស ការសម្រេចនូវចក្ខុវិស័យក្នុងការប្រកបដោយភាពពេញលេញ ច្បាស់លាស់ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕
អត្ថបទ: BTV NEWS
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន2 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន3 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន4 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត