ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសថៃ រយៈពេលពីរថ្ងៃ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។

អញ្ជើញជូនដំណើរសម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។

ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។

ក្នុងអំឡុងពេលនៃការស្នាក់នៅព្រះរាជាណាចក្រថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និង ព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង។

ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ខណៈពេលនោះដែរសមភាគីរដ្ឋសភាទាំងពីរ ក៏នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សូមជម្រាបជូនថា សម្តេចរដ្ឋសភាធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ នេះ ហើយរហូតមកដល់ពេលនេះសម្រាប់ក្នុងក្របខណ្ឌអាស៊ាន ព្រះរាជាណាចក្រថៃជាប្រទេសទី ៣ ដែលសម្តេចប្រធានរដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣, ទស្សនកិច្ចប្រទេសឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ ពីថ្ងៃទី៤ – ៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទ។ ក្រៅពីទស្សនកិច្ចប្រទេសក្នុងតំបន់អាស៊ាន សម្តេចរដ្ឋសភាធិបតី ក៏បានទៅបំពេញទស្សនកិច្ចទ្វេភាគី និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកដំបូង នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សូមបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ក៏ដូចជាប្រទេសដ៏ទៃទៀតក្នុងតំបន់ និងក្រៅតំបន់ ជាបេសកកម្មដ៏សំខាន់របស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឋានៈជាប្រធានរដ្ឋសភាថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងជាការរួមចំណែកដល់ការថែរក្សាសុខសនិ្តភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងទូទាំងសកលលោកផងដែរ៕



អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
-
ព័ត៌មាន1 week agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន1 week agoមកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជកម្ម បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
-
ព័ត៌មាន1 week agoTOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
-
ព័ត៌មាន1 week agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ
-
ព័ត៌មាន3 days agoឥណ្ឌា ថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅកម្ពុជា ដោយយោធាថៃជាទង្វើគ្មានការគោរព