ព័ត៌មាន
យុវជនជាច្រើននាំគ្នាស្វែងយល់ឱកាសការងារនៅសាលា NIB ក្នុងឱកាសវេទិកាកាងារថ្ងៃនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារដោយនាំយកឱកាសការងារជិត៨០០កន្លែងដាក់តាំងបង្ហាញដល់យុវជនដែលមានតម្រូវការងារនៅថ្ងៃនេះ។

នៅក្រោយពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិ និងមុខរបរ និងការងារ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីបន្តតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើកំពុងមានតម្រូវការការងារណ និងដើម្បីនិយោជក និងអ្នកស្វែងរកការងារអាចជ្រើសរើសបុគ្គលិក និងដាក់ពាក្យសុំការងារផ្ទាល់ ឬសម្ភាសន៍ការងារនៅនឹងកន្លែងដោយងាយស្រួលជាដើម។ លោកបានបន្តថា កម្មវិធីនេះក៏មានការចូលរួមពីក្រុមហ៊ុនឯកជនធំៗចំនួន១២ ដែលនាំយកឱកាសការងាររហូតជាង៧០០កន្លែង ដើម្បីបង្ហាញពីតម្រូវការការងារលើគ្រប់វិស័យ។

ក្រុមយុវជន និងនិស្សិតដែលចូលរួមក្នុងកម្មវិធីនេះបានបង្ហាញទឹកមុខសប្បាយរីករាយ និងលើកឡើងស្រដៀងគ្នា ពិតជាមានអារម្មណ៍ថាប្លែកម្យ៉ាង ដែលសាលាបានរៀបចំកម្មវិធីបែបនេះផ្ទាល់ក្នុងសាលា ដែលកន្លងមកពួកគាត់បានចូលរួមសកម្មភាពនេះនៅតែខាងក្រៅប៉ុណ្ណោះ។ ពួកគាត់បាននិយាយទៀតថា កម្មវិធីនេះដែរ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ដោយអាចស្វែងយល់អំពីទីផ្សារការងារ និងថែមទាំងផ្តល់ព័ត៌ឱកាសការងារជាច្រើនកន្លែងផ្សេងទៀត ដែលពួកគាត់មិនធ្លាប់បានដឹង និងទទួលបានកន្លងមក។

ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានអំពាវនាវដល់យុវជន សិស្ស និស្សិត និងសាធារណជនទូទៅទាំងអស់ អាចចូលរួមវេទិការនេះដោយសេរី និងមិនគិតថ្លៃនោះទេ ដើម្បីជួបសម្ភាសន៍ជាមួយតំណាងក្រុមហ៊ុននានា ដោយធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារដែលកំពុងមានតម្រូវការជាចាំបាច់។
សូមជម្រាបជូនថា កម្មវិធីវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះដែរ ចំពោះសិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីពេលនេះ រហូតដល់ពេលល្ងាច និងឥតគិតថ្លៃ នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាប់ផ្សារស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ៕





អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧