ព័ត៌មាន
សហគមន៍ និងសមាគមអង្គកាអ៊ិស្លាមនានានៅកម្ពុជា ប្ដេជ្ញាចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ សហគមន៍ខ្មែរអ៊ិស្លាម ក៏ដូចជាសមាគម និងអង្គការអ៊ិស្លាមមិនមែនរដ្ឋាភិបាល បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តចូលរួមអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណបំណាច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិសេរីភាព ចំពោះសាសនិកឥស្លាមនៅកម្ពុជា បានគោរពប្រតិបត្តិប្រពៃណី ដោយគ្មានការរើសអើង ។
ការប្ដេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី “បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នា របស់សមាគម អង្គការអ៊ិស្លាមមិនមែនរដ្ឋាភិបាល” កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមទាំងប្រធាន អនុប្រធានសមាគម អង្គការអ៊ិស្លាម ចំនួន៨៣ និងសាលារៀនក្រោមចំណុះសមាគម អង្គការចំនួន៥២ មកពីរាជធានី-ខេត្ត ទូទាំងប្រទេស សរុប ២៥០នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាពគ្នាបន្ថែមទៀត ក្នុងគោលដៅតែមួយ គឺការអភិវឌ្ឍន៍សហគមន៍ បង្កើតជាបណ្តាញមួយក្នុងការទទួល និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការ រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនាពេលខាងមុខ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះស្មារតីមនុស្សធម៌ដ៏មោះមុតរបស់សហគមន៍ខ្មែរឥស្លាម រួមទាំងអង្គការសមាគមទាំងអស់ ដែលបានខិតខំកៀរគរជំនួយ ពីបណ្តាប្រទេសឥស្លាម និងមិត្តភក្តិលើពិភពលោក ដើម្បីមកកសាងសមិទ្ធផលជាច្រើន រួមមាន៖ សាលារៀន វិហារឥស្លាម សូរ៉ាវ គម្រោងវ៉ាកហ្វ (គរុភណ្ឌ) អណ្តូងទឹកស្អាត បង្គន់អនាម័យ ការបរិច្ចាគទ្រព្យហ្សាកាត់ កញ្ចប់អាហារស្រាយបួស និងការផ្តល់អាហារូបករណ៍ ជូនដល់សិស្សនិស្សិតមានជីវភាពខ្វះខាត នៅតាមសហគមន៍។ល។
ឯកឧត្តមបានបន្តថា សកម្មភាពទាំងនេះ បង្ហាញថាសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ដោយរាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។
ក្នុងពេលចូលរួមកិច្ចប្រជុំ ប្រធានអង្គការសមាគម បានបង្ហាញពីការប្ដេជ្ញា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនោតាមមូលដ្ឋាន មានជួយសាងសងសាលារៀន កសាងផ្ទះជូនពលរដ្ឋក្រីក្រ ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវដល់យុវជនជាដើម ។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ ប្រទេសកម្ពុជាមានសមាគម និងអង្គការចុះបញ្ជីសរុបចំនួន៦ ៥៧១ ដែលក្នុងនោះមានសមាគម និងអង្គការឥស្លាមជាង៣០០ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម លើវិស័យសំខាន់ៗ ដូចជា អប់រំ សុខាភិបាល មនុស្សធម៌ សង្គមកិច្ច និងលើវិស័យផ្សេងៗទៀតជាច្រើន ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន7 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន