ព័ត៌មាន
សមាជិកព្រឹទ្ធសភាជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃជំនួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម YAMAGUCHI Natsuo ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសារៈសំខាន់ នៃទំនាក់ទំនងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ឯកឧត្តមនឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម YAMAGUCHI Natsuo និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវអភិក្រមថ្មីរបស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ (១) ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (២) ការតភ្ជាប់សមុទ្រ និង (៣) ការបោសសម្អាតមីន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការយកចិត្តទុកដាក់លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ ដែលបង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ភាគីជប៉ុនក្នុងការបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនបន្ថែមទៀត។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចអំណោយផលនិងធានាបាននូវភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តម YAMAGUCHI Natsuo និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ៖ BTV NEWS
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន4 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត
-
ព័ត៌មាន6 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies