ព័ត៌មាន
សម្តេចតេជោ៖លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋទើបអាចរក្សាសន្តិភាពបាន
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ក្នុងឱកាសជំនួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះថាសម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ជាកិច្ចចាប់ផ្តើមសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចតេជោ បានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបសម្តេចតេជោថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលឯកឧត្តម មកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។

ឯកឧត្តម ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។
ក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម YAMAGUCHI ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជាកំពុងមានសង្រ្គាមនៅឡើយ និងសូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឯកឧត្តមគឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។

សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។
សម្ដេចបានមានប្រសាសន៍ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។

សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។
សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ៕



អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ