ព័ត៌មាន
ភូមិចំនួន៤ នៅស្រុកបូទុមសាគរ ត្រូវបានប្រកាសថាអស់គ្រាប់មីន
កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរអស់គ្រាប់មីន ហើយចាប់ពីថ្ងៃនេះតទៅ។

លោកអភិបាលរងខេត្តកោះកុង បន្តក្នុងពិធីប្រកាសអស់គ្រាប់មីន នៅភូមិថ្មស ឃុំថ្មសថា ក្នុងនាមលោកជាអាជ្ញាធរដែនដីខេត្ត លោកពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដោយលោក បានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភូមិទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដែលទទួលបានជោគជ័យ ប្រកបដោយមោទកភាព ក្នុងការកម្ចាត់ឃាតករលាក់មុខ ដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ខ្លួនពិការ ក្លាយខ្លួនជាស្ត្រីមេម៉ាយ កុមារកំព្រា ដោយសារតែមរតកសង្គ្រាមដែលបាន បន្សល់ទុក គឺគ្រាប់មីននេះឯង។

លោក ស្រេង ហុង រម្លឹកពីអតីតកាលដែរថា ខេត្តកោះកុង ក៏ដូចជាបណ្តាខេត្តមួយចំនួននៅប៉ែកនារតី ដែលមានព្រំប្រទល់ជាប់នឹង ប្រទេសថៃ ជាតំបន់សមរភូមិ ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបាក នៃសង្គ្រាមរ៉ាំរ៉ៃ ទាំងសង្គ្រាម សម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ ណុល និងសង្គ្រាមសម័យរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីននៅក្រោមដីជាច្រើន ដែលឃាតករលាក់មុខទាំងនេះ នៅតែបន្តគំរាមកំហែង ដល់អាយុ ជីវិតប្រជាពលរដ្ឋ ជាពិសេសបានបន្សល់ទុកនូវសោកនាដកម្មយ៉ាងឈឺចាប់ ដល់ក្រុមគ្រួសារ រងគ្រោះដែលបាត់បង់អាយុជីវិត ពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ទៀតថា បើក្រឡេកមើលទៅអតីតកាលនៅសម័យសង្គ្រាមចន្លោះឆ្នាំ១៩៦៥-១៩៧៣ ស្ថានភាព ការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាមានទំហំខ្លាំងក្លាណាស់ ប្រមាណ ២,៨លានតោន ដោយបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណ ៥០ម៉ឺននាក់ និងបំផ្លាញភូមិឋាន ផ្ទះសម្បែងគ្មានសេសសល់រាប់ម៉ឺនកន្លែង។ បញ្ហានេះ បានក្លាយទៅជាវិនាសកម្មដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និយាយជារួម និងសម្រាប់ប្រជាជនខេត្តកោះកុងនិយាយដោយឡែក។ ថ្នាក់ដឹកនាំសម្ដេចតេជោ ក៏បានគិតគូរយកចិត្តទុកដាក់អំពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ ចំណាត់ការ និងផែនការសកម្មភាពនានា ដើម្បីបញ្ចៀសការគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលរួមមាន កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដោយបានចាប់ផ្ដើមនៅឆ្នាំ១៩៩២ ការបញ្ចូលបញ្ហាមីនទៅក្នុងគោលដៅអភិវឌ្ឍន៍-សហសវត្សរ៍កម្ពុជា ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាព មីនជាបន្តបន្ទាប់ ជាពិសេសការផ្តួចផ្តើមបង្កើតគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» និងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្ដល់ស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង សម្ដេចធិបតី បាននឹងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យការងារបោសសម្អាតមីននៅក្នុងភូមិ ចំនួន៤ (ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស) ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាននូវលទ្ធផលត្រចះត្រចង់ និងត្រូវបានប្រកាសជាផ្លូវការ ជាភូមិអស់មីន នៅថ្ងៃនេះ ៕










អត្ថបទ៖ ឈឹម មករា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦