ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយ ការពារសុខដុមរមនាខាងសាសនា សុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន៧ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ជាពុទ្ធសាសនូបត្ថម្ភក៍ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត សម្តេចរដ្ឋសភាធិបតី តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាមកដល់។ ពិធីចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានសិក្សារៀនធម៌វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធោវាទ ក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ឆ្លៀតនៅក្នុងឱកាសប្រារព្ធពិធីបុណ្យនេះ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក ប្រកបដោយក្តីរលឹកជាទីបំផុត នៅក្នុងនាមដែលសម្តេចបានដឹកនាំក្រុមការងារចុះជួយពលរដ្ឋនៅស្រុកលើកដែកតំាងពីដើមរហូតមមក។ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ក្នុងកម្មវិធីបុណ្យដែលបានប្រារព្ធធ្វើនៅក្នុងវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណពលរដ្ឋស្រុកលើកដែក ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចរដ្ឋសភាធិបតី បានជម្រាបពលរដ្ឋថា ការបោះឆ្នោតឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។ ពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយ៨២.០៣% ស្មើនឹង ៦.៦លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លទ្ធផលបោះឆ្នោតបែបនេះ ទើបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងប្រតិបត្តិករឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយថាមពល មានចំណេះដឹង សីលធម៌ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសជាតិបន្ត ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋបានយូរអង្វែងតរៀងទៅ។

ក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍កក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា ។ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋនិងបានចាត់ទុកស្រុកលើកដែក ដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់នៅក្នុងនោះសម្តេចបានចូលរួមកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រនិងអាណាចក្រ។
ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកនេះ សម្តេចបានបូជាទៀនធូប ផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងបានប្រគេនទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខប្រគេនព្រះសង្ឃទំាង១៦វត្តនិងអាស្រម និងបានវេរប្រគេនបច័្ចយកសាងវត្ត និងអាស្រមទាំង ១៦ សរុបទឹកប្រាក់ជាង ២៩ លានរៀល និងទេយ្យទាន គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ ៤០លានរៀល។ ក្នុងនោះដែរ សម្តេចរដ្ឋសភាធិបតី បានឧបត្ថម្ភជូនលោកតាអាចារ្យ លោកយាយជី និងកូនសិស្សព្រះសង្ឃ សរុបជាទឹកប្រាក់ប្រមាណ ៦លានរៀល ឧបត្ថម្ភកងកម្លាំងទាំង ៣ ចំនួន ៤លានរៀល ក្រុមការងារឃុំទាំង ៧ ចំនួន ១៤លានរៀល និងក្រុមការងារស្រុក ២លានរៀល៕






-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ