ព័ត៌មាន
អគ្គលេខាធិការរងUN៖ សម្តេចតេជោមិនត្រឹមតែរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេថែមទាំងជួយដល់បណ្តាប្រទេសនៅលើពិភពលោកថែមទៀត
លោក Atul KHARE អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការបានអះអាងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា មិនត្រឹម តែខិតខំស្វែងរកសន្តិភាពជូនដល់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា(កងទ័ព មួកខៀវ)ផងដែរ។
ការលើកឡើងរបស់អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិរូបនេះ គឺបានធ្វើឡើងនៅក្នុង កិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
លោក Atul KHARE បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់ចម្ងាយផ្លូវពោរពេញដោយសង្រ្គាមយូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។ លោក«ក៏សូមអបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹមជាមេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមកផងដែរ»។
លោក Atul KHARE បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការអ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។ សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព ជាដើម។
នៅក្នុងកិច្ចជំនួបនោះដែរលោក អគ្គលេខាធិការរងអ.ស.ប. បានលើកឡើងផងដែរថាកងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ហើយលោកក៏បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិតនាយទាហានមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអ.ស.ប.នេះ។លោកបានបញ្ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថាមិនអាចធ្វើឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចពិតជារីករាយណាស់ដោយបានដឹងថា លោក បានទៅទស្សនាខេត្តសៀមរាប និងព្រះវិហារ និង បានឃើញដោយផ្ទាល់នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យជាពិសេសការបោសសម្អាតមីននៅកម្ពុជា ដោយឯកឧត្តមបានធ្វើដំណើរតាមផ្លូវដោយគ្មានការភ័យខ្លាច។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និងមានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។
សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប.ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន។ កម្ពុជាគឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេចបានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជាចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ៕
អត្ថបទ៖ បាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS1 day agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ