ព័ត៌មាន
កាណាឌីយ៉ា គ្រុប ទទួលស្វាគមន៍គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង
ភ្នំពេញ៖ ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយរបស់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្វាគមន៍ដោយមោទនភាពចំពោះ លោក John KC Lee នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលោកបណ្ឌិត Peter KN Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមជាមួយនឹង គណៈប្រតិភូជាច្រើនរូបផ្សេងទៀត។
អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានសម្តែងនូវកិត្តិយសយ៉ាងជ្រាលជ្រៅក្នុងការទទួលភ្ញៀវកិត្តិយសដោយបានទទួលស្គាល់ថា ដំណើរទស្សនកិច្ចនេះ គឺជាការគាំទ្រយ៉ាងសំខាន់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ភាពស្មោះត្រង់ ការច្នៃប្រឌិត និងគុណភាព។
លោកប្រធាន Pung បានលើកឡើងពីបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា ដោយកត់សម្គាល់ពីអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ របស់ប្រទេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលជំរុញដោយវិស័យទេសចរណ៍ វាយនភ័ណ្ឌ សំណង់ និងកសិកម្ម។ លោកក៏បានលើកឡើងពីបរិយាកាសនយោបាយស្ថិរភាពរបស់កម្ពុជា សេដ្ឋកិច្ចបើកចំហ និងអវត្តមាននៃការគ្រប់គ្រងការប្តូរប្រាក់បរទេស ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។
ជាមួយនឹងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ២៦.០៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការកើនឡើងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយប្រទេសចិន លោកបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយហុងកុង។ លោកបានគូសបញ្ជាក់ពីសក្ដានុពលសម្រាប់ហុងកុងក្នុងការក្លាយជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងហុងកុង និងអាស៊ាន។
លោកប្រធាន ក៏បានសរសើរពីឋានៈរបស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក ហើយបានសរសើរការដឹកនាំរបស់លោក John KC Lee។ លោកបានបង្ហាញការជឿជាក់លើជោគជ័យជាបន្តរបស់ហុងកុងក្រោមការណែនាំរបស់លោក Lee ផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត Peter KN Lam បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងហុងកុង និងកម្ពុជា។ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ Canadia Group ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ រវាងកម្ពុជា និងចិន និងបានទទួលស្គាល់តួនាទីរបស់ Canadia Group ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងតំបន់។ លោកបានបង្ហាញសុទិដ្ឋិនិយមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមដូចជា “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។
ក្នុងសុន្ទរកថានោះ លោក Lee បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចំពោះការបដិសណ្ឋារកិច្ច និងការពិភាក្សាដ៏ស៊ីជម្រៅរបស់លោក ដោយបានកត់សម្គាល់ថា ដំណើរទស្សនៈកិច្ចបានចាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅជំរុញកំណើន និងវិបុលភាពសម្រាប់តំបន់ទាំងពីរ។
ប្រធានបទសំខាន់នៃការពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនេះ គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុបកំពុងអភិវឌ្ឍ។ គម្រោងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានគេរំពឹងថា នឹងបម្រើជាកាតាលីករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនរវាងប្រទេសកម្ពុជា និងប្រជាជាតិដទៃទៀត។ ភាគីទាំងពីរបានទទួលស្គាល់សក្តានុពលរបស់ TIA ក្នុងការពង្រឹងការតភ្ជាប់ បង្កើនទេសចរណ៍ ទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់៕




















-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា