ព័ត៌មាន
ទំនប់អាងស្តុកទឹកថ្មីមួយបានកើតឡើងក្នុងខេត្តឧត្ដរមានជ័យ ដើម្បីបម្រើវិស័យកសិកម្ម និងសហគមន៍
ទំនប់អាងស្តុកទឹកថ្មីមួយ មានលេចចេញជារូបរាងឡើងនៅក្នុងភូមិសាស្ត្រភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមន្ត្រីជំនាញ បានឱ្យដឹងថា ទំនប់ទឹកនេះ នឹងមានប្រយោជន៍ បន្ថែមទៀតសម្រាប់បម្រើដល់ការងារកសិកម្ម និងប្រយោជន៍សហគមន៍ជុំវិញនោះ ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទំនប់ អាងទឹកថ្មី ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៤នេះ ត្រូវបានកសាងរួចរាល់ និងមានស្ពានវែងជាងគេក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គឺប្រវែង១២៥ម៉ែត្រ ទទឹង៧ម៉ែត្រ ។ សំណង់ទំនប់ទឹកនេះ ត្រូវបានស្ថាបនា ឡើងសម្រាប់បម្រើឱ្យវិស័យកសិកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការនេសាទផងដែរ។ ទំនប់ទឹកនេះ នឹងមានលទ្ធភាពអាចគ្រប់គ្រងទឹក និងបញ្ជូនទឹកសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវ វស្សាប្រមាណជាង១៤៩០ហិកតា និងស្រូវរដូវប្រាំង ប្រមាណជិត២៨០ហិកតា រួមទាំងដំណាំរួមផ្សំផ្សេង ៗ ប្រមាណ៧៨ហិកតា និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនពីរភូមិ ក្នុងឃុំត្រពាំងតាវ ស្រុក អន្លង់វែង ដែលមានចំនួនជាង៤០០គ្រួសារ ។

លោកបានបញ្ជាក់ថា ទំនប់ទឹកថ្មីនេះ មានតួនាទីដ៏សំខាន់ក្នុងការទទួលយកទឹកពីទំនប់ទឹកតាម៉ុក ទំនប់ទឹករំចេកមករក្សាទុក សម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងបញ្ជូនទឹកទៅអាងទឹក ស្ទឹងស្រែងទី១ និងទី២ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០ហិកតា នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងបន្តជួយស្រោចស្រពដល់ផ្នែកខ្លះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលកន្លងមក តែងប្រឈមកង្វះខាតទឹកស្រោចស្រពដំណាំ ។

លោកប្រធានមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាគម្រោងតាម លក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋាន វិស្វកម្ម បានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មីនេះឡើង ដើម្បី ជួយសម្រួលនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ឱ្យមានភាពងាយស្រួល ឡើងវិញក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត ។ កសិករ ក្នុងតំបន់នេះ អាចទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុន តាមរយៈការបង្កើនការដាំដុះដំណាំកសិកម្មពីពីរទៅបីដងក្នុងមួយឆ្នាំ ព្រមទាំងទទួលបានស្ពាន និងផ្លូវធ្វើដំណើរល្អប្រសើរជាងមុន ៕

អត្ថបទ៖ ឃិន សារិទ្ធ
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន