Connect with us

ព័ត៌មាន

កម្ពុជារំពឹងប្រែក្លាយទំនាក់ទំនងហ្វ្រង់កូហ្វូនទៅជាឱកាសពាណិជ្ជកម្ម និងវិនិយោគជាក់ស្តែង

ភ្នំពេញ៖ កម្ពុជារំពឹងប្រើប្រាស់វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ជាវេទិកាជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ច ដោយប្រែក្លាយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសហ្វ្រង់កូហ្វូន ទៅជាឱកាសពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូជាក់ស្តែង។ វេទិកានេះក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់ខ្លួនទៅកាន់សហគមន៍ធុរកិច្ចអន្តរជាតិផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) បានបញ្ជាក់ថា “វេទិកាសហគ្រិន ហ្វ្រង់កូហ្វូន២០២៦»គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មូលបទនៃវេទិកានេះ គឺ “នវានុវត្តន៍៖ កាតាលីករសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនដែលមានចីរភាព និងសមាហរណកម្ម”។

អ្នកឧកញ៉ា បន្តទៀតថា វេទិកាសហគ្រិន ហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) នឹងប្រមូលផ្តុំនាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន និងអ្នកតាក់តែងគោលនយោបាយជាង ១.០០០ នាក់ មកពី ៤០ ប្រទេស ដើម្បីប្រែក្លាយទំនាក់ទំនងការទូតពហុភាគី ឱ្យទៅជាទំហំពាណិជ្ជកម្មជាក់ស្តែង, ការវិនិយោគជាយុទ្ធសាស្ត្រ, និងភាពជាដៃគូធុរកិច្ច រវាងបណ្តាប្រទេសនិយាយភាសាបារាំង និងទីផ្សារអាស៊ាន ដ៏មានសក្តានុពល។

អ្នកឧកញ៉ា អះអាងថា ក្នុងពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ហើយ ថ្នាក់ដឹកនាំទាំងពីរនេះ នឹងថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ពីចក្ខុវិស័យសេដ្ឋកិច្ច ក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគំនិតផ្តួចផ្តើមវិនិយោគរយៈពេលវែង។ វេទិកានេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីគោលនយោបាយ និងក្របខណ្ឌច្បាប់វិនិយោគ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិ។ ជាពិសេស ការរៀបចំ ភូមិហ្វ្រង់កូហ្វូនី ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយសក្តានុពលទាំងនេះផងដែរ។

សូមបញ្ជាក់ថា វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដោយមានពិធីជប់លៀងទទួលស្វាគមន៍ ជំនួបពាណិជ្ជកម្ម (B2B) និងកិច្ចពិភាក្សាលើវិស័យសក្តានុពលសេដ្ឋកិច្ចជាច្រើន។ វេទិកានេះក៏នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងតំបន់៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia