Connect with us

ព័ត៌មាន

ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ផ្ដល់បទពិសោធន៍ថ្មីដល់សិស្សសិក្សាឈ្វេងយល់ពីស្នាដៃកូនខ្មែរ

ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ចាប់ផ្ដើមបើកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​សាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលផលិតផលជាតិ និង​ក៏​ជា​ការ​ផ្ដល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិត អាចសិក្សាឈ្វេង​យល់​ពី​ការ​បង្កើត​ថ្មី​ៗ​ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ។

ក្នុងពេលទស្សនាពិព័រណ៍ផលិតផលខ្មែរ លើកទី២ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ សិស្សានុសិស្សមកពីសាលារដ្ឋ និងឯកជន បានលើកឡើងថា ពួកគេមានការភ្ញាក់ផ្អើលនៅពេលឃើញផលិតផលជាច្រើនដែលជាស្នាដៃរបស់ខ្មែរ និងផលិតនៅក្នុងប្រទេស ខណៈផលិតផលខ្លះ ពួកគេមិនដែលដឹងថា ជាផលិតផលក្នុងស្រុកនោះទេ។

សិស្សានុសិស្សទាំងនោះ បានបន្ថែមថា ពិព័រណ៍នេះ ក្រៅតែពីជួយឲ្យពួកគេ បានស្គាល់ផលិតផលខ្មែរ ហើយចូលរួមគាំទ្រ ប៉ុន្តែក៏អាចឲ្យពួកគេបានសិក្សាឈ្វេងយល់ពីផលិតផលទាំងនោះ ទាំងគុណភាព ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ គ្រឿងផ្សំផលិត ជាពិសេស ក៏ជាគ្រឹះ ឬជាឧទាហរណ៍មួយសម្រាប់ពួកគេអាចនឹងជ្រើសយកជំនាញអ្វីមួយជាតម្រូវការទីផ្សារ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ជំរុញលើកទឹកចិត្តឲ្យមានឆន្ទៈផលិតផលិត ផលថ្មីៗ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ក្រៅពីកម្មវិធីបើក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅពេលរសៀលថ្ងៃទី៦ ខែវិច្ឆិកា នេះ ព្រឹត្តិការណ៍នេះ ក៏មានរៀបចំនូវវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដូចជាវេទិកាសហគ្រិនភាព ក្រោមប្រធានបទ “សក្ដានុពលអាជីវកម្មនៅកម្ពុជា”, វេទិកា អ្នកផលិតមាតិកា ក្រោមប្រធានបទ “ការពង្រឹងស្មារតីជាតិ” និងវេទិកា សេដ្ឋកិច្ច ក្រោមប្រធានបទ “សក្ដា​នុពល SMEs ក្នុងសេដ្ឋកិច្ចជាតិ” ដោយវេទិកាទាំងអស់នេះ ប្រជាពលរដ្ឋ យុវជន និស្សិត និងសិស្សា​នុសិស្សអាចចូលរួមស្ដាប់ ដើម្បីជាចំណេះដឹងផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia