ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់បែលហ្ស៊ិក អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ
គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្របែលហ្ស៊ិក អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូ បានឆ្លៀតឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ (មជ្ឈមណ្ឌលជាតិ) កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងរំលេចកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងព្រះរាជាណាចក្រ
បែលហ្ស៊ិក និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ព្រមទាំងពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ និងការគាំទ្រកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។
គណៈប្រតិភូប្រទេសបែលហ្ស៊ិកដឹកនាំដោយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ បែលហ្ស៊ិក ប្រចាំព្រះរាជាណាចក្រ កម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។
ភាគីកម្ពុជា ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអតីតនិស្សិតនិង អ្នកទទួល អាហារូបករណ៍ របស់វិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិកអង់វែប (ITM Antwerp)។
កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងការរួមចំណែករបស់បែលហ្ស៊ិកក្នុងវិស័យសុខាភិបាលកម្ពុជា
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ប្រទេសបែលហ្ស៊ិក បានចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍប្រព័ន្ធ សុខាភិបាល កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ អាហារូបករណ៍ ការសិក្សា ស្រាវជ្រាវ និងការពង្រឹងសមត្ថភាពស្ថាប័ន។
ការគាំទ្ររបស់ប្រទេសបែលហ្ស៊ិកបានរួមចំណែកដល់ ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខភាពសាធារណៈ ការ បណ្តុះបណ្តាលថ្នាក់ក្រោយ ឧត្តមសិក្សា និងការសិក្សាស្រាវជ្រាវ។ សមិទ្ធផលសំខាន់ៗរួមមាន ការបង្កើតកម្មវិធី បណ្ឌិតផ្នែកសុខភាពសាធារណៈ និងមជ្ឈមណ្ឌលស្រាវជ្រាវអំពីសុខភាព និងការគាំទ្រគោលនយោបាយ ព្រមទាំងការពង្រឹងសមត្ថភាព លើការវិភាគ គោលនយោបាយ ការវិភាគទិន្នន័យ ការសិក្សាស្រាវជ្រាវលើការអនុវត្ត និងការប្រើប្រាស់លទ្ធផល ស្រាវជ្រាវ ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តជាក់ស្តែង។
កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ បានចាប់ផ្តើមនៅឆ្នាំ១៩៩៧ ក្នុងអំឡុងពេលដែលកម្ពុជា ប្រឈមនឹងការឆ្លងរាលដាលខ្លាំងនៃមេរោគអេដស៍ តាមរយៈការគាំទ្រគ្លីនិកព្យាបាលជំងឺកាមរោគនៅខេត្តព្រះសីហនុ ដើម្បីចូលរួមអនុវត្តន៍សាកល្បងកម្មវិធីប្រើប្រាស់ ស្រោមអនាម័យ ១០០ភាគរយ។ បន្ទាប់មក តាមរយៈគម្រោងគាំទ្រ ពីវិទ្យាស្ថានវេជ្ជសាស្ត្រ ត្រូពិកអង់វែប (ITM Antwerp) ដើម្បីពង្រឹងការផ្សាភ្ជាប់នៃសេវាបង្ការ ធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ ជំងឺកាមរោគ សេវាសុខភាពបន្តពូជ និងការអនុវត្តយុទ្ធសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ជួយពង្រឹង សមត្ថភាព របស់មជ្ឈមណ្ឌលជាតិក្នុងការអនុវត្តនិងវាយតម្លៃសកម្មភាពឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ ។ ដូចនេះ កិច្ចសហប្រតិបត្តិការនេះ ពិតជាបានរួមចំណែក ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដំបូងគេនៅតបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រេច គោលដៅ ៩៥-៩៥-៩៥ នៅ ឆ្នាំ២០២៥ ។
ការផ្លាស់ប្តូរបទពិសោធន៍ និងទិសដៅអនាគត
ក្នុងកម្មវិធីទស្សនកិច្ចនេះ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺ អេដស៍ សើស្បែក និងកាមរោគ បាន បង្ហាញ អំពីកិច្ច សហ ប្រតិបត្តិការ និងការរួម ចំណែក របស់ បែលហ្ស៊ិក ជួយពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបនឹងមេរោគអេដស៍ នៅកម្ពុជា និងមានការចែករំលែកបទពិសោធន៍ពីអតីត និស្សិត ITM។ ការ ផ្លាស់ប្តូរ យោបល់ ក៏បានផ្តោតផងដែរ លើទិស ដៅ អភិវឌ្ឍន៍ ប្រព័ន្ធ សុខាភិបាល កម្ពុជា និងកាលានុវត្តភាពនៃ ការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក អភិវឌ្ឍន៍ និងពង្រឹង វិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅ គ្របដណ្តប់សេវាសុខភាពជាសកល និងការឈានទៅសម្រេចបានគោលដៅបញ្ចប់អេដស៍ នៅឆ្នាំ២០៣០៕អត្ថបទ រដ្ឋា





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ