Connect with us

ព័ត៌មាន

ក្រុមសិល្បការិនីបង្ហាញមោទនភាពជាតិ តាមរយៈ​ការ​គ្រង​ឈុត​ស្បៃខ្មែរ​នៅ​ចំពោះ​មុខ​មេដឹកនាំ​អន្តរជាតិ

ភ្នំពេញ៖ ក្រុមសិល្បការិនីដែលជាបវរកញ្ញាកម្ពុជា បានបង្ហាញក្តីរំភើប និង​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​ខ្លាំង ខណៈបានចូលរួមបង្ហាញឈុតស្បៃខ្មែរ ក្នុងពិធីលៀង​សាយភោជន៍​ជូន​គណៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​រៀប​ចំ​ឡើង​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារា​ត្រី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមសិល្បការិនីបានបញ្ជាក់ថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់ពួកគេ ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ និងបង្ហាញពីមោទនភាពជាតិ អត្តសញ្ញាណ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់​ភ្ញៀវ​អន្តរជាតិ​។ ​ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីលៀងសាយភោជន៍ ដែល​រៀប​ចំ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)​កាល​ពី​រាត្រី​ម្សិល​មិញ។

ក្រុមសិល្បការិនីបានបញ្ជាក់បន្ថែមថា ឈុតដែលពួកគេបានគ្រង គឺជាស្បៃខ្មែរដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្តសញ្ញាណជាតិ និងភាពល្អផូរផង់នៃវប្បធម៌ខ្មែរ នៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​មក​ពីប្រមាណ ៨១ប្រទេស ក្នុងចំណោមសមាជិកសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៩០​ប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

ក្រុមសិល្បការិនីបានមានប្រសាសន៍ថា៖ «ម៉ូដស្បៃខ្មែរដែលបានគ្រងនៅថ្ងៃនេះ គឺបាន​ដក​ស្រង់​គំនិត​ច្នៃ​ប្រឌិត​ចេញពីរចនាបថប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណ​នានា​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា»។

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាឱកាសដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញពីអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ពិភពលោក។ ជា​មួយ​គ្នា​នេះ ក្រុមសិល្បការិនីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបង្ហាញការ​ដឹង​គុណចំពោះ​សុខ​សន្តិភាព ដែលបានបង្កើតឱកាសឱ្យពួកគេបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដើម្បី​រួមគ្នាលើកតម្កើងកិត្យានុភាពជាតិ និងវប្បធម៌ខ្មែរ​ឱ្យ​កាន់​តែ​ទូលំទូ​លាយនៅ​លើ​ឆាក​អន្តរ​ជាតិ៕​ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia