Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២៧ (27th ASEAN–Republic of Korea Summit)

រដ្ឋធានីម៉ានីល៖ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២៧ ជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំបានពិនិត្យឡើងវិញលើទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ និងទិសដៅនាពេលអនាគត។ នាយករដ្ឋមន្ត្រីថៃ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ បានធ្វើសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បន្ទាប់មកប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានថ្លែងសេចក្តីថ្លែងការណ៍ជាតិរៀងៗខ្លួន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ឯកឧត្តម លី ជេមយ៉ុង (Lee Jae-myung) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់សាធារណរដ្ឋកូរ៉េ (CSP- Comprehensive Strategic Partnership) ព្រមទាំង បានអំពាវនាវឱ្យពន្លឿនបញ្ចប់នូវការធ្វើឱ្យប្រសើរឡើង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA- ASEAN–Korea Free Trade Area) ដោយផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េលើនវានុវត្តន៍ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងសេចក្តីប្រកាសភ្នំពេញ(the Phnom Penh Declaration) និងបានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ព្រមទាំងបានស្នើកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចច្នៃប្រឌិត និងការផ្លាស់ប្តូរបៃតង រួមទាំងការវិនិយោគលើបណ្តាញអគ្គិសនីអាស៊ាន។ កិច្ចប្រជុំនេះ បានរួមចំណែកពង្រីក និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia