Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំអំណោយជួយពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅកំពង់ឆ្នាំង

ដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារគ្រោះអគ្គិភ័យឆាបឆេះលំនៅឋាន កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ នៅខេត្តកំពង់ឆ្នាំង។

​គ្រួសាររងគ្រោះទាំង ២ រួមមាន ១គ្រួសារ រងគ្រោះកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ១គ្រួសារទៀត រងគ្រោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​ការចុះជួយសង្គ្រោះទាន់ពេលវេលាប្រកបដោយក្តីមេត្តាករុណានេះ បានផ្តល់នូវភាពកក់ក្តៅ និងជួយសម្រាលទុក្ខលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តដល់គ្រួសាររងគ្រោះទាំងពីរយ៉ាងខ្លាំង។ នាឱកាសនោះ តំណាងគ្រួសាររងគ្រោះទាំងទ្វេ បានសម្តែងនូវក្តីរំភើប និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋតរៀងទៅ។

​សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី, ត្រីខ, ទឹកស៊ីអ៊ីវ, តង់ ២, មុង, ភួយ, សារុង, ក្រមា និងថវិកាមួយចំនួន៕

អត្ថបទ: សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia