Connect with us

ព័ត៌មាន

CDC និង Québec ចុះ MoU លើកិច្ចសហប្រតិបត្តិការជំរុញការវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការជំរុញការវិនិយោគ ការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចដែលមាន សក្តានុពល រវាងខេត្តហ្កេបិក និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចសន្ទនាធុរកិច្ចរវាងភាគីកម្ពុជា និងគណៈប្រតិភូធុរកិច្ច ដែលជាសមាជិកស្ថាប័នវិនិយោគហ្កេបិក អន្តរជាតិ។ កិច្ចសន្ទនាបានប្រព្រឹត្តទៅដោយរលូនផុលផុស ជាមួយឆន្ទៈរួមគ្នា សំដៅស្វែងរកគំនិតផ្តួចផ្តើមនានា ដែលភាគីទាំងពីរអាច បង្កើតកិច្ចសហប្រតិបត្តិការបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីសក្តានុពល និង កាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានវិនិយោគដ៏បើក ចំហក្នុងតំបន់អាស៊ាន រួមជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដ៏សម្បូរបែប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសកម្ម ជាពិសេស គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្ដ ដែលនឹងបើកច្រករបៀងសេដ្ឋកិច្ច ភស្តុភារកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន ក្នុងការចូលមកពង្រីកទីផ្សារនៅកម្ពុជា និងទៅកាន់តំបន់អាស៊ាន។ លើសពីនេះ ឯកឧត្តម ក៏បានជម្រាបជូនភាគីមិត្តអំពីការត្រៀមខ្លួនជាស្រេចរបស់ ក.អ.ក. ក្នុងការផ្តល់ការគាំទ្រពេញទំហឹង តាមរយៈសេវាច្រក ចេញ-ចូលតែមួយ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនជាទៀងទាត់ ព្រមទាំងសេវាថែទាំវិនិយោគជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោក Hubert Bolduc បានបង្ហាញពីចំណាប់អារម្មណ៍របស់ធុរជនខេត្តហ្កេបិក ក្នុងការពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារមកកាន់តំបន់អាស៊ី ជាពិសេសនៅកម្ពុជា លើវិស័យដែលខេត្តកេបិចមានសក្តានុពល និងជំនាញខ្ពស់រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម វិស័យអាកាសចរណ៍ វិស័យថាមពលស្អាត (វារីអគ្គិសនី) វិស័យទេសចរណ៍ និងការរៀបចំ ពិព័រណ៍ធំៗ។ ទន្ទឹមនឹងនេះ ភាគីហ្កេបិក ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំង ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រក្រុមហ៊ុនកម្ពុជា ដែលមានបំណងពង្រីកការវិនិយោគទៅកាន់ទីផ្សារអាមេរិកខាងជើងផងដែរ។

បន្ទាប់ពីការសន្ទនាផ្លាស់ប្តូរទស្សនៈជុំវិញបរិយាកាស និងសក្តានុពលវិនិយោគរវាងគ្នា ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគ យល់គ្នា រវាង ក.អ.ក. និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ដោយមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមជាមួយលោកប្រធាន Hubert Bolduc ជាហត្ថលេខី៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia