Connect with us

ព័ត៌មាន

កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា

ប្រជាពលរដ្ឋខ្មែរ និងយុវជន រស់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ BTV នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពួកគាត់ជឿជាក់ ថាសារពីការអភិវឌ្ឍ សុខសុវត្ថិភាព កត្តា​អំណោយ​ផល ការវិនិយោគ និងសក្កានុពល ធនធានមនុស្សរបស់កម្ពុជា ពិតជាបានដឹង​លឺ​ទៅ​ដល់​សហគមន៍អន្តរជាតិ តាមរយៈវត្តមានថ្នាក់ដឹកនាំបណ្ដាប្រទេសនិយាយភាសាបារាំង និង​អ្នក​វិនិយោគ ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

លើសពីនេះ ពលរដ្ឋ បង្ហាញមោទនភាព ដែលកម្ពុជាអាចបង្ហាញកិត្យានុភាពលើឆាកអន្ដរជាតិ និង​អាចកៀគរការវិនិយោគបន្ថែមលើ វិស័យអប់រំ សុខាភិបាល ការពារជាតិ និងវិស័យ​ផ្សេង​ៗ​សម្រាប់​ការ​អភិវឌ្ឍរបស់កម្ពុជា។

អ្នកស្រី ស៊ូ ហៀង ពលរដ្ឋរស់នៅភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំ​ឃើញ​យើង​រៀប​ចំប្រជុំទទួលភ្ញៀវបរទេសមកច្រើន ខ្ញុំត្រេកអរណាស់។ ហើយខ្ញុំរឹតតែត្រេក​អរ​ពេល​ឃើញ​ប្រធានាធិបតី បារាំង និងភរិយាគាត់ ដឹកនាំដៃគ្នាដើរមាត់ទន្លេ។ ខ្ញុំយល់ ថា រូបភាពរបស់​គាត់​នឹង​ត្រូវផ្សាយពាស់ពេញពិភពលោកហើយ។ ហើយរូបនេះ គឺបង្ហាញពីសុវត្ថិភាពនៅកម្ពុជា ដែល​នឹងទាក់ទាញភ្ញៀវទេសចរណ៍មកច្រើនទៅថ្ងៃមុខ»។

អ្នកស្រី វណ្ណា ពលរដ្ឋរស់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំ​មាន​មោទ​ន​ភាពណាស់ ចំពោះថ្នាក់ដឹកនាំដែលលោកខិតខំកៀគរភ្ញៀវអន្ដរជាតិមកកម្ពុជា។ យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បានព្រោះគេជឿទុកចិត្តយើង ថា យើងមានសមត្ថភាពទទួលគេ ការពារគេ បាន​គេ​មក​។ ​នេះបើស្រុកយើងគ្មានសុវត្ថិភាពគ្មានអ្នកណាគេមកទេ។ អញ្ចឹងបានខ្ញុំថា ថ្នាក់ដឹកនាំ​យើង​លោក​ខំណាស់​ដើម្បីអភិវឌ្ឍជាតិផង ហើយធ្វើឱ្យអន្ដរជាតិ​គេ​ស្គាល់​យើង​កាន់​តែ​ទូលំទូ​លាយ​ទៀត​។

អ្នកស្រី គឹម ចាន់ធារី ពលរដ្ឋរស់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំថ្ងៃ​ចាប់ផ្ដើមបើកភូមិហ្រ្វង់កូហ្វូនីខ្ញុំបានទៅមើលដែរ ឃើញថា មនុស្សច្រើនណាស់ ហើយ​ចម្រុះ​ជាតិ​សាសន៍។​ ខ្ញុំសប្បាយចិត្តពេលមានកម្មវិធីធំៗបែបនេះ ព្រោះយើងអាច​លក់​ផលិត​ផល​រប​ស់​យើង​ ផ្សាយដល់អន្ដរជាតិឱ្យគេស្គាល់។ ហើយអ្វីដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​គឺ​ការ​គាំ​ទ្រ​របស់​បារាំង​លើ​ថ្នាក់​ភាសា​បារាំងនៅសាលារដ្ឋពីថ្នាក់បឋមទៅ។ ខ្ញុំឃើញថានេះគឺជាកិច្ចខិតខំរបស់រដ្ឋយើង ក្នុង​ការ​ទាញ​យកផលប្រយោជន៍ដើម្បីកូនខ្មែរ។ ហើយខ្ញុំជឿថា មិនមែនមានតែវិស័យអប់រំមួយទេ ដែល​ទទួលបានផលពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី វិស័យច្រើន​ទៀត​ក៏​ប្រាកដ​ជា​ទទួល​ផល​ដូច​គ្នា។​ ហើយផលទាំងអស់នោះគឺនឹងបានដល់ដៃពលរដ្ឋយើង ពិសេសយុវជន ជំនាន់ក្រោយ»។

កញ្ញា គឹម ហៀង ពលរដ្ឋរស់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​បង​ ពីព្រោះប្រទេសយើងត្រូវបានអន្ដរជាតិស្គាល់ទូលំទូលាយ។ ហើយតាម​រយៈ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនីនេះ​ ខ្ញុំជឿថា យុវជនយើងនឹងប្រឹងសិក្សាភាសាបរទេស មិនថា បារាំង អង់គ្លេស ចិន ឬ​ភាសាផ្សេងៗទៀតទេ ពីព្រោះការចេះភាសាលើសពីមួយ គឺជាការ​រួម​ចំណែក​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ក្រុម​អ្នកវិនិយោគ។ សម្រាប់ខ្ញុំប្ដេជ្ញានឹងខិតខំសិក្សា ពង្រឹងសមត្ថភាព ដើម្បីរួមចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល អភិវឌ្ឍជាតិឱ្យរីកចម្រើនឆ្ពោះទៅឆ្នាំ២០៣០ ប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ»។

ចំណែកជនជាតិបារាំង ដែលបានមកលេងកម្ពុជា និងបានចូលរួមក្នុងព្រឹត្តិការណ៍ នៃ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនីដែរនោះ ប្រាប់ថា កម្ពុជាទទួលប​ដិសណ្ឋារកិច្ច​បាន​យ៉ាង​ល្អ​សម្រាប់​គណៈ​ប្រតិភូ​អន្ដរជាតិ។ ហើយនេះគឺជាឱកាសរបស់កម្ពុជា ដែលបង្ហាញទៅកាន់ពិភពលោក ពីការ​អភិវឌ្ឍ​រីក​ចម្រើន សុខសុវត្ថិភាព អត្តសញ្ញាណវប្បធម៌ និងសក្កានុពលដ៏សម្បូរបែបនៅកម្ពុជា។

លោក Matheiu Holweg ភ្ញៀវបរទេស​ជនជាតិបារាំង ៖«ការផ្សព្វផ្សាយព្រឹត្តិការណ៍ នៃកិច្ច​ប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនីនេះ គឺជាការរៀបចំល្អមែនទែន ពីព្រោះជាការទាក់ទាញក្រុមអ្នកទេសចរ។ ប្រទេស​កម្ពុជា សម្រាប់ខ្ញុំ គឺជាមាស ខ្ញុំចង់ឱ្យពលរដ្ឋនៅតំបន់អឺរ៉ុប ស្គាល់វប្បធម៌ អរិយ​ធម៌​របស់​ខ្មែរ ​ពិសេសគឺអង្គរវត្ត។ ហើយខ្ញុំមកកម្ពុជាច្រើនលើកហើយ ខ្ញុំឃើញថា ស្រុកខ្មែរ​អភិវឌ្ឍ​ល្អ​ឡើង​ជា​ប្រចាំ។​ ហើយខ្ញុំមានទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Destination Cambodge ខ្ញុំបាន​ចែក​រំលែក​ពី​ផែន​ទី ការតភ្ជាប់ជើងហោះហើរ ដើម្បីមកដល់កម្ពុជា។ ខ្ញុំចង់ឱ្យបរទេសផ្សេងៗទៀត បាន​ស្គាល់​កម្ពុជាដូចខ្ញុំដែរ ព្រោះខ្ញុំជឿថា ពេលពួកគេមកដល់ស្រុកខ្មែរ ពួកគេនឹងស្រឡាញ់​ស្រុក​ខ្មែរ ​ចង់នៅស្រុកខ្មែរ។ ខ្ញុំនឹងភរិយា គឺសម្រេចចិត្តថា សាកល្បងរស់នៅស្រុកខ្មែររយៈពេលមួយឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦នេះ។

សូមរំឭកជូនថា កម្ពុជា បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៨១ប្រទេស ក្នុង​ចំណោមសមាជិក ៩០ប្រទេស នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានចូលរួម ខណៈ​អ្នក​សារ​ព័ត៌មា​ន​ជាតិ និងអន្ដរជាតិ ចំនួន ១,៥០០នាក់ មកពី ៣០៨ស្ថាប័ន អង្គភាព នៃប្រទេសចំនួន ៤២បានចូលរួមយកព័ត៌មាន។ បើទោះបីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះបានបិទបញ្ចប់ហើយក្ដី ប៉ុន្ដែផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិនឹងផ្ដល់ផលមកកម្ពុជាជាបន្តបន្ទាប់រយៈពេលវែង៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia