ព័ត៌មាន
ក្រសួងការងារបើកយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ឥរិយាបថនិងទំនាក់ទំនងការងារល្អ” ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១ ២០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយអំពីការលុបបំបាត់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ចំពោះការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ ក៏ដូចជាពង្រឹងការប្ដេជ្ញាចិត្តរក្សាសុជីវធម៌ សីលធម៌ និងសុវត្ថិភាពនៅកន្លែងធ្វើការ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា ការប្រើអំពើហិង្សានិងបៀតបៀនលើកម្មករនិយោជិតនៅកន្លែងធ្វើការ មិនមែនត្រឹមតែជាបញ្ហាសង្គម ឬអំពើអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាសុវត្ថិភាពដ៏គួរឱ្យព្រួយបារម្ភផងដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត សុវត្ថិភាព ផលិតភាព និងភាពធន់របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ។ ដោយសង្កេតឃើញនូវចំណុចនេះ ក្រសួងបានខិតខំធ្វើយុទ្ធនាការលុបបំបាត់ និងការទប់ស្កាត់អំពើហិង្សានិងការបៀតបៀនដោយផ្អែកលើយេនឌ័រ នៅក្នុងក្របខ័ណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីផ្ដល់ការការពារដល់បងប្អូនកម្មករនិយោជិតទាំងអស់គ្នា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់បរិយាកាសវិនិយោគ និងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានាក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវវប្បធម៌មិនប្រើហិង្សានិងការបៀតបៀន ព្រមទាំងសមភាពយេនឌ័រនៅក្នុងពិភពការងារ ព្រមទាំងបានអនុម័តក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាច្រើនស្របតាមលិខិតុបករណ៍អន្តរជាតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិស្ត្រី ជាពិសេសបានចេញសកម្មភាពជាគន្លឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលជាត្រីវិស័យតម្រង់ទិសសម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីឱ្យកាន់តែល្អប្រសើរឡើង។
លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការត្រៀមខ្លួនឆ្លើយតបនឹងភាពតានតឹងដោយកម្ដៅនៅកន្លែងធ្វើការ ក្នុងបរិបទនៃការវិវត្តបាតុភូតអ៊ែលនីញ៉ូ (El Niño) ដោយជំរុញឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្រ៖ ត្រូវធ្វើការវាយតម្លៃហានិភ័យ និងរៀបចំផែនការឆ្លើយតបជាមុន, ត្រូវកាត់បន្ថយនូវប្រភពកម្ដៅ និងកែលម្អបរិយាកាសការងារ, ត្រូវធានាទឹកស្អាតសម្រាប់ទទួលទាន និងរៀបចំការងារនិងការសម្រាកឱ្យសមស្រប, ត្រូវពង្រឹងការបណ្ដុះបណ្ដាល និងការត្រៀមសង្គ្រោះបន្ទាន់, ត្រូវត្រៀមការផ្គត់ផ្គង់ទឹក ថាមពល និងការបន្តប្រតិបត្តិការប្រកបដោយសុវត្ថិភាព ហើយក៏ត្រូវកត់ត្រា តាមដាន និងកែលម្អជាបន្តបន្ទាប់ផងដែរ។
បន្ថែមពីនេះ ក្រសួងក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តសហការគ្នាក្នុងការបង្ការនិងលុបបំបាត់អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ពោលគឺមិនមែនបញ្ចប់ត្រឹមយុទ្ធនាការនេះឡើយ ប៉ុន្តែត្រូវប្រែក្លាយសារអប់រំ និងវិធានការនានាឱ្យទៅជាការអនុវត្តជាប្រចាំ ដើម្បីកសាងវប្បធម៌ការងារវិជ្ជមាន កន្លែងធ្វើការប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសន្តិភាព ព្រមទាំងរួមចំណែកលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕








-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ