Connect with us

ព័ត៌មាន

មន្ទីរ​ពិសោធន៍ជាតិ វ.ប.ន ពង្រីកសមត្ថភាពធ្វើតេស្តជាបន្តបន្ទាប់ គាំទ្រដល់ការប្រកួតប្រជែង និង​ការ​នាំ​ចេញរបស់កម្ពុជា

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និ​ង​ជាមន្ទីរពិសោធន៍ឈានមុខ ធានាគុណភាពប្រកបដោយភាពសុក្រឹត និងទំនុកចិត្ត និងត្រូវ​បាន​ពង្រីក​សមត្ថភាពធ្វើតេស្តជាបន្តបន្ទាប់ គាំទ្រដល់ការប្រកួតប្រជែង និងការនាំចេញ​រប​ស់​កម្ពុជា​។ 

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) បាន​ប្រែក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​សាធារណៈរដ្ឋបាល, ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឲ្យ ម.ជ.វ.ប.ន ក្លាយជា​មន្ទីរ​ពិសោធន៍​ជាតិ​ឈានមុខគេ ដែលបង្កើនអានុភាពដល់នវានុវត្តន៍ និង ធានាគុណភាពតេស្ដវិភាគ ប្រកប​ដោយសុក្រឹតភាព និងទំនុកចិត្ត។ មន្ទីរពិសោធន៍នេះដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​រួម​ចំណែក​ជំរុញ ឧស្សាហកម្មខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេសតាមរយៈនៃការជំរុញនាំចេញ ទំនិញកែច្នៃរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកឡើង ថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) បានកំពុងផ្តោតការធ្វើតេស្តលើវិស័យនាំចេញសំខាន់ៗ ដូចជា វិស័យម្ហូបអាហារ អង្ករ និងគ្រាប់ស្វាយចន្ទី ហើយទៅពេលខាងមុខ មន្ទីរពិសោធន៍ជាតិនេះ នឹង​ពង្រីក​សមត្ថ​ភាព​ធ្វើ​តេស្ត ​ជាបន្តបន្ទាប់ គាំទ្រដល់ការរីកចម្រើន ការប្រកួតប្រជែង និងការ​នាំ​ចេញ​របស់​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​។

ជុំវិញមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កន្លងមកនេះ បានបន្ថែម​ប៉ារ៉ា​ម៉ែត្រ​ថ្មី​ចំនួន ៤០ ផ្តោតលើ វិស័យនាំចេញសំខាន់ៗដូចជា អង្ករ និងគ្រាប់ស្វាយចន្ទី ជាមួយ​នឹង​វិញ្ញាប​ន​បត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជា អន្តរជាតិពី SAC-SINGLAS ប្រទេស​សិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី។ មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគគុណភាព លើគំរូ សំណាកបានចំនួន ១៣ ពាន់ និងប៉ារ៉ាម៉ែត្រជិត ៤៨ ពាន់ ក្នុងឆ្នាំ២០២៥ ជាមួយ​នឹង​លទ្ធផល​ដែល​ទទួលស្គាល់ជាអន្តរជាតិ។ មន្ទីរពិសោធន៍ក៏ពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និង​អេឡិច​ត្រូនិច​ (MEEL) និងមន្ទីរពិសោធន៍ ស្រាវជ្រាវ ដើម្បីលើកកម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅក្នុង​ទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia