Connect with us

ព័ត៌មាន

សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីឱ្យមានការផលិតផលកាន់តែធំទូលាយ ផលិតឱ្យមាន គុណភាព ស្តង់ដារ សុវត្ថិភាព និងការគ្រប់គ្រងថ្លៃដើម និងមានផលិតភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារ និងការនាំចេញរបស់ កម្ពុជា។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា លើកឡើងនៅក្នុងវេទិកាគាំទ្រផលិតផលខ្មែរ ក្រោម ប្រធានបទ៖ យុទ្ធសាស្រ្តរៀបចំថ្លៃដើម និងការពង្រីកទីផ្សារតាមប្រព័ន្ធអនឡាញប្រកបដោយគុណភាពខ្ពស់ នៅរៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកបាននិងកំពុងរីកចម្រើន និងផលិតតាមស្តង់ដារ និងគុណភាពអនាម័យល្អប្រសើរ តែទោះបីយ៉ាងណា សហគ្រាសក្នុងស្រុកមួយចំនួននៅតែជួបបញ្ហា លើកិច្ចដំណើរការអាជីវកម្មរបស់ខ្លួនដូចជា បញ្ហាថ្លៃដើម និងការ ពង្រីកទីផ្សារជាដើម។

លោកជំទាវឧកញ៉ាបណ្ឌិត បន្ថែមថា ដើម្បីជំរុញលើកកម្ពស់សហគ្រាសក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា ការរៀបចំវេទិការបស់ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា គឺជាការជំរុញបន្ថែម ក្នុងការបង្កើនការផលិត និងលើកកម្ពស់គុណភាពអនាម័យ និងស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងពង្រីកការនាំចេញ ដោយក្នុងនោះម្ចាស់អាជីវកម្មត្រូវបានលើកទឹកចិត្តឱ្យផលិតតាមស្តង់ដារ និងរក្សា គុណភាពអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីរក្សាទំនុកចិត្តដល់អ្នកប្រើប្រាស់ និងប្រកួតប្រជែងប្រកបដោយនិរន្តរភាព ឆ្លើយតបនឹងតម្រូវ ការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលជាដើម។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងនូវការសាទរ និងគំនិតផ្តូចផ្តើម រៀបចំវេទិកានេះឡើងដែលមានគោលដៅរួមតែមួយ គឺការប្រែក្លាយផលិតផលខ្មែរឱ្យកាន់តែមានគុណភាព និងស្តង់ដារ មានទីផ្សារទូលំទូលាយ និងមាន សមត្ថភាពប្រកួតប្រជែងខ្ពស់។

លោកជំទាវ បន្ថែមថា កម្ពុជាកំពុងមានធនធានផលិតដ៏ពូកែ មានសហគ្រាសដ៏ពូកែ និងមានផលិតផលក្នុងស្រុកកាន់តែ សម្បូរបែប ប៉ុន្តែនៅក្នុងបរិបទប្រកួតប្រជែងនាពេលបច្ចុប្បន្ន ការផលិតតែមួយមុខនៅមិនគ្រប់គ្រាន់ឡើយ គឺយើងចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រងថ្លៃដើមនៃការផលិត ការរៀបចំប្រព័ន្ធប្រតិបត្តិការឱ្យមានស្តង់ដារ និងការកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ទីផ្សារមិនមែនស្ថិតនៅត្រឹមទីផ្សារប្រពៃណីទៀតទេ ប៉ុន្តែតាមរយៈបច្ចេកវិទ្យា និងខ្នាតពាណិជ្ជ កម្មអេឡិចត្រូនិច៊ីខមមើស អាជីវកម្មខ្នាតមីក្រូ និងតូច ក៏អាចឈានទៅចាប់យកអតិថិជនថ្មី និងពង្រីកទីផ្សារបានឆាប់រហ័សផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia