ព័ត៌មាន
នគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ទៅតុលាការ ករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រត់គេច និងរារាំងសមត្ថកិច្ចអនុវត្តច្បាប់
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ស្អែកនេះ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នឹងកសាងសំណុំរឿងធ្វើការបញ្ជូនខ្លួនប្តីប្រពន្ធ០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រួចបើកព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ។
កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខធនាគារជាតិ ផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រវាងរថយន្តម៉ាក BYD ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BY-2039 និងម៉ូតូកង់បីម៉ាក RE ពណ៌ស ផ្លាកលេខ ភ្នំពេញ 1MC-3579 បណ្តាលឱ្យអ្នកបើកកង់បីរបួសស្រាល ហើយអ្នកបើកបររថយន្តបង្កដែលមានបុរសជាប្តីជាអ្នកបើក និងស្ត្រីជាប្រពន្ធជាអ្នករួមដំណើរ ព្យាយាមបើករត់ពីកន្លែងកើតហេតុ ហើយត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងដែលចាប់ឃាត់រថយន្តបង្កបាន និងធ្វើត្រួតពិនិត្យ និងសួរនាំរួច សមត្ថកិច្ចក៏បានណែនាំឲ្យភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុន្តែកំឡុងពេលនោះ ស្ត្រីជាប្រពន្ធអ្នកបើករថយន្តបង្ក បានធ្វើការរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ដោយពុំអនុញ្ញាតឲ្យសមត្ថកិច្ចនាំខ្លួនបុរសជាប្តីទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំតាមនីតិវិធី ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំ និងពិនិត្យជាតិអាល់កុល ជាលទ្ធផល បុរសជាប្តី និងជាអ្នកបើករថយន្តបង្កហេតុ មានជាតិស្រវឹងអត្រាជាតិអាល់កុល0.70Mg/L ។
ផ្អែកតាមការបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម ឃើញថា ស្ត្រីជាប្រពន្ធបុរសបើករថយន្តបង្ក បានស្រែកឆោរឡោរ និងប្រើប្រាស់កាយវិការចាប់ទាញ និងរុញច្រានកម្លាំងសមត្ថកិច្ច ពុំព្រមឲ្យសមត្ថកិច្ចនាំខ្លួនប្តីរបស់ខ្លួនទៅសាកសួរនាំនោះឡើយ ដោយរូបគាត់សំអាងហេតុថា ខ្លួន និងភាគីជនរងគ្រោះ បានយល់ព្រមទទួលសំណងគ្នាជាទឹកប្រាក់៦០០ដុល្លារ បញ្ចប់រឿងរួចហើយ ។
ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពេលកន្លងធ្លាប់បានបញ្ជាក់ពីផ្លូវច្បាប់យ៉ាងច្បាស់លើនៅបណ្តាញទំនាក់ទំនងសង្គមរបស់លោក ថា ៖ ចំពោះជនទាំងឡាយណា ដែលបានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ រងរបួសមនុស្ស ឬធ្វើឲ្យបាត់បង់អាយុជីវិតមនុស្ស ហើយព្យាយាមបើករត់គេចពីកន្លែងកើតហេតុ នោហសមត្ថកិច្ចត្រូវតែមានវិធានការអនុវត្តតាមនិតិវិធីដាច់ខាត ដោយពុំលើកលែងនោះឡើយ បើទោះបីជាភាគីបង្កហេតុ បានដោះស្រាយសំណងខូចខាតជាមួយជនរងគ្រោះរួចរាល់ក៏ដោយ ក៏រូបគេត្រូវតែនាំខ្លួនទៅសាកសួរនាំតាមនីតិវិធីច្បាប់សិនដែរ ។
សារសង្កត់ធ្ងន់របស់ មេនគរបាលចរាចរណ៍រាជធានីរូបនេះ ធ្វើឡើងស្របពេលដែល អគ្គស្នងការនគរបាលជាតិ ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនការងារចរាចរណ៍ កំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងគំរាមកំហែងខ្ពស់បំផុត ដល់សន្តិសុខ សុវត្ថិភាពនៅលើដងផ្លូវសាធារណៈ គ្រាដែលបច្ចុប្បន្នភាពប្រចាំថ្ងៃនេះ មនុស្សប្រមាណ៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ហើយរាជធានីភ្នំពេញ គឺមានអត្រាខ្ពស់ជាងគេ អាចមួយថ្ងៃមានអ្នកស្លាប់ម្នាក់ ឬពីរថ្ងៃ មានចំនួន០៣នាក់ ៕ លីហេង






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ