Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៣៣ឆ្នាំ (បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្វ្រង់ស័រ មីតេរ៉ង់ ក្នុងឆ្នាំ១៩៩៣) ដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មី និងផ្តល់សន្ទុះយ៉ាងខ្លាំងក្លាដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មាន​ប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកនៃម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកម្ពុជា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំងដែលជាផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងពីរ។

ជាក់ស្ដែង ក្នុងជំនួបពិភាក្សាការងារ និងសន្និសីទសារព័ត៌មានរួមនៅវិមានសន្តិភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី Emmanuel Macron បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះ​មាន​ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៩ ដែលនេះគឺជាចំនួនកិច្ចព្រមព្រៀងច្រើនបំផុតមិនធ្លាប់មាន ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចុះហត្ថលេខាជាមួយដៃគូតែមួយក្នុងពេលតែមួយ។ ឯកសារទាំងនេះគ្របដណ្តប់លើវិស័យអាទិភាពសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ការពារជាតិ សុខាភិបាល អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) វប្បធម៌ និងកសិកម្ម។

កម្ពុជា-បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដល់ទៅ២៩ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះថា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងពីរ។

កិច្ចព្រមព្រៀងទាំង២៩ពាក់ព័ន្ធនឹងវិស័យជាច្រើនដែលក្នុងមានជាអាថ៌៖ កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី, កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូននិងរក្សាថាមពលវារីអគ្គីសនី, សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ, កិច្ចសន្យាបង្កើតទីផ្សារបោះដុំ និងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈនិងឯកជនចំនួន ២៣ ផ្សេងទៀត។ ក្រៅពីការបំបែកឯតទគ្គកម្មលើកិច្ចព្រមព្រៀង ភាពស្និទ្ធស្នាលប្រកបដោយមនោសញ្ចេតនាដ៏ពិសេសរវាងថ្នាក់ដឹកនាំកម្ពុជា-បារាំង និងភាពស្និទ្ធស្នាលរវាងប្រធានាធិបតីបារាំងជាមួយប្រជាជនកម្ពុជា ក៏ជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដែរ។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់កម្ពុជា ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាជំរុញការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នាពេលអនាគតដ៏ខ្លីខាងមុខ ។ ក្រៅពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ វត្តមានរបស់ប្រធានាធិបតីបារាំងក៏បានរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ និងវេទិកាបច្ចេកវិទ្យា FrancoTech 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia