Connect with us

ព័ត៌មាន

សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី​ការត្រៀមធ្វើសមយុទ្ធសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មាន​ឈ្មោះថា​ “នាគមាស-ឆ្នាំ២០២៦” ។

សមយុទ្ធនេះធ្វើឡើង​​ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និង​ការ​ងារ​មនុស្សធម៌» ដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៦ នៅ​ទី​តាំង​៣​ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាន​នាយ​ទា​ហាន​ចម្រុះ ​ខេត្ត​កំពង់ស្ពឺ និងនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។

សមយុទ្ធនេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅនូ​វ​ទំនាក់​ទំនង​ដៃគូ​យុទ្ធ​សាស្ត គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងកា​រពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ ប្រតិបត្តិការនេះ ក៏​ផ្ដោត​សំខាន់​លើ​ការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើសមយុទ្ធនេះ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេក​វិទ្យា​ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជា​មួយ​គ្នានេះ​ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌​នៅ​តាម​បណ្តា​មូលដ្ឋាន​ក្បែរ​តំបន់​សម​យុទ្ធ​ផង​ដែរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia