Connect with us

ព័ត៌មាន

នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា

នាវាពិឃាតរបស់ចិនចំនួនបីគ្រឿង បានដឹកកងទ័ពចិនរួមទាំងសម្ភារៈ បាន​មក​ដល់​មូល​ដ្ឋាន​សមុទ្រ​រាម ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ដែល​មាន​ឈ្មោះ​ថា​«នាគមាសឆ្នាំ២០២៦» រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៦នេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ​។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបាន ប្រាប់​ទូរទស្សន៍ BTVថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នារយ:ពេល១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ សមយុទ្ធមិត្តភាព កម្ពុជា-ចិននេះ នឹងលើក​យក​ប្រធាន​បទ​ដែលភាគីទាំងពីរព្រមព្រៀងគ្នានោះគឺ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរ​សមុទ្រ ​រួម​គ្នា និងការងារសង្រ្គោះមនុស្សធម៌» ។

អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រោយនាវា​ដឹក​សម្ភារៈ​យោធា​របស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិនបានចូលចតនៅឯកំពង់ផែមូលដ្ឋានរាម ព្រម​ទាំង​ដឹក​ជញ្ចូន​សម្ភារៈ​មក​កាន់​ទី​លាន​សមយុទ្ធនានា​ផ្សេង​ទៀត​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព។​ ក្នុងអំឡុងពេលសមយុទ្ធ ភាគីទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេក​វិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏​មាន​សកម្មភាព ការងារសង្គម និងមនុស្សធម៌​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ក្បែរ​តំបន់​សមយុទ្ធ​ជា​ដើម​។

លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងទៀតថា សមយុទ្ធ​រួមគ្នា​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរនេះធ្វើឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បម្រើ​ឲ្យការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ការផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ការលើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធ​ជាក់​ស្តែង​នៃ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ជា​ដើម​។

លោក​ឧត្តមសេនីយ៍បន្តថា ការចាប់ដៃគូធ្វើសមយុទ្ធជាមួយកងទ័ពចិន បានវិវត្តជាបន្តបន្ទាប់ ទាំង​វិសាល​ភាព​នៃការហ្វឹកហ្វឺន ទាំងប្រភេទកម្លាំងទ័ពចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការ​វិវត្តនេះ ជាឱកាសហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បី​បម្រើ​ភារកិច្ច​ការពារជាតិ ការរួមចំណែកថែរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់ និង​ពិភព​លោក​ផង​ដែរ​។

សូមរំឭកថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ ​ពោលគឺមានចំនួន ៧លើករួចមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៧ សមយុទ្ធនាគមាស​របស់​ប្រទេស​ទាំង​ពីរត្រូ​វបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការ​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគ​មាស​ក៏​ត្រូវ​បានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេស​ទាំង​ពីរប្រ​ឈម​នឹង​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia