កីឡា
ស្ថាប័ន WKN បានទាក់ទងប្រធានសហព័ន្ធគុនខ្មែរភ្លាមៗ ក្រោមមានការបដិសេធរឿងកិច្ចសហការ
ថ្នាក់ដឹកនាំស្ថាប័នកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network ឬ WKN) បានទំនាក់ទំនងមកកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរភ្លាមៗ ដើម្បីពិភាក្សាពីអំពីកិច្ចសហការ ក្រោយពីសហព័ន្ធបានប្រកាសបដិសេធ ពុំធ្លាប់មានកិច្ចពិភាក្សាពីមុន ឬគម្រោងរៀបចំការប្រកួតផ្លូវការណាមួយឡើយ។ នេះបើយោងតាមការជូនដំណឹងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ខូវ ឆាយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។
សូមរំឮកថា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅថ្មី ស្ថាប័ន WKN បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា កំពុងស្ថិតនៅលើផ្លូវរចាដើម្បីឆ្ពោះទៅចាប់ដៃគូជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ យ៉ាងណា ១ថ្ងៃ ក្រោយមានការចែកចាយព័ត៌មាននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចេញសេចក្ដីប្រកាសខ្លីមួយថា សហព័ន្ធ ពុំធ្លាប់បានជួបពិភាក្សាពីការសហការណាមួយជាមួយស្ថាប័ន WKN នេះឡើយ ហើយសហព័ន្ធ ក៏ពុំទទួលស្គាល់ និងពុំអនុញ្ញាតិឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer ណាមួយក្នុងទឹកដីកម្ពុជា ដោយពុំមានការព្រមព្រៀងជាមួយគ្នាឡើយ។
បន្ទាប់ពីការចេញព័ត៌មានលក្ខណៈបដិសេធនេះ នៅថ្ងៃទី៨ ខែមេសាដដែល ថ្នាក់ដឹកនាំស្ថាប័ន WKN ក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ដែលកំពុងដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនខ្មែរ ប្រកួតអន្ដរជាតិលើទឹកដីអាមេរិកភ្លាមៗ ដើម្បីពិភាក្សា និងឈានទៅរកកិច្ចសហការផ្លូវការរវាងស្ថាប័នទាំងពីរ។
តាមការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ គឺបានសូមអរគុណចំពោះស្ថាប័ន WKN ដែលបានធ្វើការទំនាក់ទំនងមកភ្លាមៗ ដើម្បីពិភាក្សាអំពីការសហការរវាងគុនខ្មែរ និងស្ថាប័ន WKN នាពេលអនាគត។ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយនឹងសហការជាមួយគ្រប់ស្ថាប័នអន្តរជាតិនានា ក្នុងគោលបំណងដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរអោយល្បីល្បាញទូទាំងសកលលោក។
គួរដឹងថា ស្ថាប័ន WKN ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ហើយក៏ជាបុត្រសម្ព័ន្ធមួយរបស់ស្ថាប័ន ISKA (International Sport Kickboxing Association) ដែលបានទទួលស្គាល់ និងសហការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនាពេលកន្លងមកដែរ ។ បច្ចុប្បន្ន WKN មានសមាជិកជាច្រើននៅទូទាំងពិភពលោក ។ ដូច្នេះការបើកភ្លើងខៀវឈានទៅរកកិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផលចំណេញមួយ ដើម្បីជំរុញការផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា