កីឡា
កីឡាជឺជីតស៊ូបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយជោគជ័យ ជាមួយកំណើនអ្នកចូលរួមទ្វេដង
ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយកំណើនកីឡាករ-កីឡាការិនីចូលរួមទ្វេដង បើធៀបកាលពីឆ្នាំមុន។
លោក សំអុន បូរមី អគ្គលេខាធិការកីឡាជីជឺតស៊ូកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ២៣០នាក់ មកពី ១៨ក្លិប ដែលជាចំនួនបំបែកកំណត់ត្រាខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ជាក់ឆ្នាំការរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មានអ្នកចូលរួមត្រឹម ៦៥នាក់ និងឆ្នាំ២០២៥ កន្លងទៅ មានអ្នកចូលរួមត្រឹម ១២៣នាក់ប៉ុណ្ណោះ។
ជាមួយកំណើនអ្នកចូលរួមគួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញពីភាពរីកចម្រើនមិនអាចប្រកែកបានរបស់វិស័យកីឡាជឺជីតស៊ូនៅកម្ពុជា ក្រោមយុទ្ធសាស្ដ្រដ៏ត្រឹមត្រូវរបស់សហព័ន្ធ ក្នុងការពង្រីកឲ្យមានក្លិប និងអត្តពលិកតាមបណ្ដាខេត្តនានា ទើបធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានការកើនឡើង ទាំងបរិមាណ និងគុណភាព ។ នេះគឺជាឱកាសដ៏ល្អសម្រាប់ការស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតលើឆាកអន្ដរជាតិនានា។
មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានយកព្រឹត្តិការណនេះ ជាការអនុវត្តជាក់ស្ដែង សម្រាប់កសាងធនធានមន្ដ្រីបច្ចេកទេស ត្រៀមរៀបចំព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខ ដោយចាប់ផ្ដើមធ្វើដំណើរកម្ម តាមរយៈប្រព័ន្ធ Smoothcomp សម្រាប់ការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យប្រកួត ក្នុងគោលបំណងចង់ឲ្យកីឡាករជំនាន់ក្រោយ ទទួលបាននូវបទពិសោធន៍ និងស្គាល់រស់ជាតិនៃការប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំក្នុងប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីបិទការប្រកួតនោះដែរ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។ ឯកឧត្តមបានចាត់ទុកការប្រកួតថ្នាក់ជាតិនេះ គឺជាការត្រៀមលក្ខណៈមួយ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នាខែសីហាខាងមុខ ។ ជាមួយគ្នា ឯកឧត្តមក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដខិតខំហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។
គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ ជាលទ្ធផល ក្នុងកីឡាករ-កីឡាការិនីចូលរួមទាំង ១៨ក្លិប គឺក្លិបគិរីជឺជីតស៊ូ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៥គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ២០), ក្លិប Aokas ឈរលេខ២ ឈ្នះមេដាយសរុប ២៩គ្រឿង (មាស ១១ ប្រាក់ ៩ និងសំរឹទ្ធ ៩) និងក្លិបខេមអេដ ឈរលេខ៣ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៣និងសំរឹទ្ធ ៣) ហើយក្លិបផ្សេងៗ សុទ្ធតែទទួលបានមេដាយ ដោយក្លិបខ្លះ ឈ្នះមេដាយគ្រប់កម្រិត ខណៈក្លិបខ្លះឈ្នះមេដាយមាស ប្រាក់ ឬសំរឹទ្ធជាដើម៕ អត្ថបទ៖ លី ឈុនឡា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣