កីឡា
តំណាង NOCC ចូលរួមវគ្គអន្តរជាតិ នៅទីកន្លែងកំណើតកីឡាអូឡាំពិក
តំណាងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)លោក នូ ចំរើន ចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយមានអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពីប្រទេសក្រិក តាមប្រព័ន្ធសារអេឡិចត្រូនិក លោក នូ ចំរើន គូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ “ការផ្តល់អំណាចដល់ការរួមបញ្ចូល ភាពស្មោះត្រង់ និងការទទួលខុសត្រូវសម្រាប់អត្តពលិកគ្រប់រូប” ដោយវគ្គឆ្នាំនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការអប់រំអូឡាំពិកក្នុងការបង្កើតបរិយាកាសកីឡាដែលមានសុវត្ថិភាពជាងមុន រួមបញ្ចូលកាន់តែច្រើននិងជំរុញដោយតម្លៃនៅទូទាំងពិភពលោក។

មន្ត្រី NOCC រូបនេះ បានបន្តថាការរៀបចំសិក្ខាសាលានេះធ្វើឡើងនៅទីតាំងចាប់កំណត់នៃការប្រកួតកីឡាអូឡាំពិក នៅប្រទេសក្រិកនេះតាំងពីសម័យបុរាណ លើភ្នំ Olympia ដើម្បីបានឈ្វេងយល់អំពីការកកើតនៃកីឡាអូឡាំពិក ក៏ដូចជានាំមកនូវការទស្សនាសារៈមន្ទីរ ការលេងកីឡាតាំងពីសម័យបុរាណដើម្បីសុខភាព និងការប្រកួតកីឡា ដើម្បីបញ្ចប់សង្គ្រាម តាំងពីបុរាណ ដោយការប្រកួតកីឡាមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងពិធីបើកមានសន្ទរកថាបំផុសគំនិតដោយប្រធានសាលាអូឡាំពិកអន្តរជាតិ សាស្ត្រាចារ្យ Charilaos Tsolakis និងប្រធានគណៈកម្មាធិការអូឡាំពិកក្រិក លោក Isidoros Kouvelos ដោយសង្កត់ធ្ងន់លើអំណាចនៃអូឡាំពិកដើម្បីលើកកម្ពស់ការគោរព សាមគ្គីភាព និងការទទួលខុសត្រូវនៅទូទាំងពិភពលោក។ ការពិភាក្សាដ៏មានឥទ្ធិពលមួយជាមួយសមាជិក IOC គឺលោកស្រី Samira Asghari និងអត្តពលិកអូឡាំពិក Emma Terho បានកំណត់បរិយាកាសសម្រាប់វគ្គនេះ ដោយពង្រឹងសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ និងសកម្មភាពរួមក្នុងការកសាងចលនាអូឡាំពិកដែលមានក្រមសីលធម៌ និងផ្តោតលើអត្តពលិកកាន់តែខ្លាំង។
គួរបញ្ជាក់ថា ការចូលរួមរបស់លោក នូ ចំរើន ក្នុងសិក្ខាសាលាអន្តរជាតិនៅក្រិកនេះ គឺស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ NOCC និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ NOCC ផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមពង្រឹងគុណភាពសមត្ថភាពមន្ត្រីកីឡាកម្ពុជាពីអន្តរជាតិ៕




-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣