កីឡា
ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ មានអ្នករត់ជិត ៦ពាន់នាក់ តែគណៈកម្មការសុំទោសការខកខានផ្ដល់មេដាយ
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានប្រព្រឹត្តទៅយ៉ាងរលូន ដោយទទួលបានអត្តពលិកជាតិ-អន្ដរជាតិប្រមាណជិត ៦ពាន់នាក់ មកពី ៤៣ប្រទេសចូលរួម ។ ជាមួយគ្នា គណៈកម្មការរៀបចំ ក៏បានផ្ញើសារសុំការអភ័យទោសពីអ្នកចូលរួមទាំងអស់ ក្រោយខកខានផ្ដល់មេដាយអនុស្សាវរីយ៍ ដែលជាប់គាំងការនាំចូលរួម ដោយសារបញ្ហាព្រំដែនផងដែរ។
ក្នុងព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំ នៅទីក្រុងភ្នំពេញនេះ មុននឹងបាញ់កាំភ្លើងចេញដំណើរ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អមដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងអត្តពលិកជាតិ-អន្ដរជាតិ បានលើកដៃប្រណមដើម្បីថ្វាយនូវព្រះសព្ទសាធុការពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា ទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ គណៈកម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះចំនួន ៥,២៤១នាក់ ក្នុងនោះមានអត្តពលិកអន្ដរជាតិ ៦៨០នាក់ មកពី ៤៣ប្រទេស ខណៈប្រទេសចូលរួមច្រើនជាងគេ មានចិន ជប៉ុន បារាំង ហ្វីលីពីន និងអាមេរិក តែឯកឧត្តម វ៉ាត់ ចំរើន ក្នុងនាមគណៈកម្មការរៀបចំ បានបញ្ជាក់ថា សរុបទាំងអ្នកចូលរួម តែមិនបានចុះឈ្មោះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ផ្សារភ្ជាប់សប្បុរសធម៌នេះ មានអ្នកចូលរួមប្រមាណជិត ៦ពាន់នាក់។ នេះគឺជាជោគជ័យស្របតាមផែនការចង់បានរបស់គណៈកម្មការរៀបចំ។
បែបនេះក្ដី ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការសោកស្ដាយ និងសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីអ្នកចូលរួមរត់ទាំងអស់ ចំពោះការខកខានផ្ដល់នូវមេដាយជ័យលាភី និងមេដាយរត់បញ្ចប់អនុស្សាវរីយ៍ ទាំងអត្តពលិកជាតិ និងអន្ដរជាតិ ដោយសារបញ្ហាព្រំដែនក្នុងការនាំចូល ធ្វើឲ្យគណៈកម្មការខកខានរៀបចំមេដាយជូននៅថ្ងៃប្រកួត តែមេដាយទាំងអស់នោះ នឹងត្រូវរៀបចំជូននាពេលក្រោយ បន្ទាប់ពីគណៈកម្មការទទួលបាន។ លើសពីនេះ គណៈកម្មការរៀបចំ ក៏រីករាយទទួលនូវរាល់មតិរិះគន់បែបស្ថាបនាទាំងអស់ ដើម្បីពង្រឹងការរៀបចំឆ្នាំក្រោយៗឲ្យបានកាន់តែល្អប្រសើរ ពិសេសឆ្ពោះទៅសម្រេចគោលដៅទាក់ទាញអ្នកចូលរួមខ្ទង់ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ក្រៅពីការខកខានផ្ដល់មេដាយអនុស្សាវរីយ៍ តែគណៈកម្មការស្នើសុំការយោគយល់ពីអត្តពលិកទាំងអស់ ក្រឡេកទៅដំណើរការរៀបចំវិញ គឺបានប្រព្រឹត្តទៅយ៉ាងរលូន ពិសេសក្រោយមានការផ្លាស់ប្ដូរតម្រាយផ្លូវរត់ ដែលមិនត្រឹមបញ្ចៀសនូវបញ្ហាកក់ស្ទះចរាចរណ៍លើស្ពានជ្រោយចង្វារនោះទេ តែការប្ដូរទិសដៅរត់មកតំបន់កោះនរា ក៏បានផ្ដល់នូវបទពិសោធន៍ និងការប្រកួតប្រជែងថ្មីមួយទៀត សម្រាប់កីឡាករ-កីឡាការិនីផងដែរ ហើយលោកសង្ឃឹមថា ឆ្នាំក្រោយៗ ព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញការចូលរួមបានកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក សែម ផល្លា។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ឆ្នាំ២០២៦ នេះ រក្សាការរៀបចំ ៤វិញ្ញាសាដដែល គឺមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែទ្រ, ៥១គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ។ រីឯគោលបំណងរៀបចំ ក៏រក្សានៅដដែល ទី១ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទី២ ដើម្បីការងារសប្បុរសធម៌ ដោយការកៀគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទី៣ ដើម្បីផ្សព្វផ្សាយកេរ្ត៍ឈ្មោះរបស់រាជធានីភ្នំពេញទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលជាសមាជិកគណៈកម្មការម៉ារ៉ាតុងពិភពលោកមួយនេះ៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣