កីឡា
កម្ពុជាឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup ក្រោយយកឈ្នះទីម័រខាងកើត ៣-១
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការប្រកួតដំបូងក្នុងពូលB របស់ក្រុមបាល់ទាត់នារីកម្ពុជានេះ ត្រូវបានទីម័រខាងកើត នាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទី ដោយកីឡាការិនី Juleica Da Costa មុនកីឡាការិនី ហេង សុវណ្ណមុនី និង ឈិត សាភឿន វាយបកបានម្នាក់ ១គ្រាប់ ជួយឲ្យកម្ពុជា បើកការនាំមុខវិញ នៅនាទី២៩ និងនាទី៣៦ ហើយលទ្ធផលនេះ បានរក្សាដល់ចុងម៉ោង ទើបកីឡាការិនី វិបុល សេរីស៊ីថា រកបានគ្រាប់ទី៣ នៅនាទី៩០+៦ ជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា យកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត ៣-១ តែម្ដង។
សម្រាប់ជ័យជម្នះដ៏សំខាន់នេះ បានធ្វើឲ្យក្រុមជម្រើសជាតិនារីកម្ពុជា កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្ដិ ទោះបីសល់ ១ប្រកួតក្នុងដៃក្ដី ដោយរកបាន ៣ពិន្ទុ ស្មើក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី មុនក្រុមទាំងពីរ ត្រូវជួបគ្នាប្រជែងកៅអីកំពូលតារាងពូលB នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។ ចំណែកក្រុមជម្រើសជាតិនារីទីម័រខាងកើត បានក្លាយជាក្រុមអត់ឱកាសមុនគេ ក្នុងចំណោមបេក្ខភាពចូលរួមពានរង្វាន់ថ្នាក់តំបន់នេះ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។
សូមបញ្ជាក់ថា ពានរង្វាន់ ASEAN Women’s Cup 2026 មាន ៦ក្រុមចូលរួមដូចកាលពីរដូវកាលមុនដែរ និងបែងចែកជា ២ពូល ដើម្បីប្រកួតសន្សំពិន្ទុ និងចម្រាញ់ក្រុមលេខ១ លេខ២ តាមពូលនីមួយៗឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២២ ខែកក្កដាខាងមុខ។ ក្រោយបញ្ចប់ការប្រកួតនេះ សម្រាប់ក្រុមជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship នាឆ្នាំ២០២៧៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣