កីឡា
យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈមន្ដ្រីសហព័ន្ធទទូចឲ្យមានការគាំទ្របន្ថែម
ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់ការប្រកួតបេសកកម្មក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣គ្រឿងជូនជាតិ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។
ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីរបស់ខ្លួន ក្នុងចំណោមអត្តពលិក ៤រូប ដែលមាន ៣រូបដណ្ដើមបានមេដាយ។ ទោះបេសកកម្មនេះ កីឡាករត្រូវចំណាយខ្លួនឯងខ្លះលើការធ្វើដំណើរ តែពួកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនជាតិ ។ ដូច្នេះលោកសង្ឃឹមអនាគត នឹងមានការគាំទ្រពីវិស័យឯកជនបន្ថែមទៀត ដើម្បីផ្ដល់លទ្ធភាពដល់សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីបានច្រើន និងមានឱកាសស្វែងរកមេដាយជូនជាតិកាន់តែច្រើនថែមទៀត។
ជាមួយគ្នាកីឡាករ ស៊ា វិច្ឆិកា ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ បានសម្ដែងក្ដីរីករាយ ដែលមានឱកាសបានចូលរួមប្រកួត និងទទួលបទពិសោធន៍ល្អៗពីការជួបកីឡាករខ្លាំងៗក្នុងទ្វីបអាស៊ី។ ទោះមិនអាចដណ្ដើមមេដាយមាស តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់ពួកគេ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងទទួលលទ្ធផលកាន់តែល្អប្រសើរនាថ្ងៃអនាគត។
គួរដឹងថា បេសកកម្មចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ នេះ កម្ពុជាបានបញ្ជូនអត្តពលិក ៤រូបចូលរួម ក្នុងនោះកីឡាករ ស៊ា វិច្ឆិកា ដណ្ដើមបានមេដាយប្រាក់ គ្រាដែលកីឡាករ លាង កុម្ភៈ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន ទទួលបានមេដាយសំរឹទ្ធដូចគ្នា លើកលែងកីឡាករ គោរមៈ ច័ន្ទរាជ ដែលពុំទទួលបានមេដាយ ហើយរូបគេក៏បានសុំទោសអ្នកគាំទ្រ ចំពោះការខកខានឱកាសស្វែងរកមេដាយជូនជាតិនេះផងដែរ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»