កីឡា
ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និងកៀរគរជំនួយជូនពលរដ្ឋនៅភូមិរង់ចាំ
ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដោយនឹងមានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ចំនួន ២ នាថ្ងៃទី១១ និងថ្ងៃទី២៩ ខែសីហាខាងមុខ ដើម្បីផ្សារភ្ជាប់ក្ដីនឹករលឹករវាងអ្នកជួរក្រោយ និងការកៀរគរជំនួយ សម្រាប់នាំយកទៅជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

នេះបើតាមប្រសាសន៍ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយកោះប្រជុំផ្លូវការមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមបាល់ទាត់ជាច្រើននៅអគារ The Kampus កាលពីល្ងាចថ្ងៃទី៦ ខែសីហា ដើម្បីផ្ដល់ព័ត៌មានសំខាន់ៗ អំពីដំណើរការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ បន្ទាប់ពីទទួលបានអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។
សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំង ២ របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងត្រូវជួបក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ មុនបន្ដជួបក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ដែលជាព្រឹត្តិការណ៍ដ៏ធំ ក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់នាំយកទៅជួយដល់អ្នកភូមិរង់ចាំ។ ឯកឧត្តមរំពឹងកម្មវិធីនេះ នឹងទទួលបានការគាំទ្រផុសផុសពីប្រជាពលរដ្ឋ ដែលនៅតែនឹករលឹក និងចងចាំមិនភ្លេច ចំពោះសមរភូមិមុខ ក៏ដូចជាពលរដ្ឋនៅភូមិរង់ចាំផងដែរ។
សូមបញ្ជាក់ថា ១ថ្ងៃក្រោយការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ទល់ក្រុមរួបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ។
បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក៏គ្រោងនឹងបំផុសនូវយុទ្ធនាការ Homestay ដែលជាការរស់នៅផ្ទាល់ជាមួយពលរដ្ឋនៅភូមិរង់ចាំ ដើម្បីបានមើលឃើញពីទិដ្ឋភាពរស់នៅជាក់ស្ដែង ព្រមទាំងកម្មវិធីអមផ្សេងៗទៀត ក៏ដូចជាការពិនិត្យសុខភាព ការប្រគំតន្ដ្រីជូនអ្នកភូមិកម្សាន្ដ និងកកម្មវិធីកីឡាមួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី