កីឡា
ពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងក្រុមកម្ពុជាត្រៀមការប្រកួតអន្ដរជាតិនានា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាស និងពង្រឹងសមត្ថភាពក្រុមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេមចំពោះមុខ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ។
នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា មុនការប្រកួតផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែសីហាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
នេះជាលើកទី២ ដែលសហព័ន្ធទទួលបានការអនុញ្ញាតជាគោលការណ៍ពីសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទះនេះឡើង ក្រោយការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ និងខកខានរៀបចំវិញ នៅឆ្នាំ២០២៥ ។ ប៉ុន្ដែដោយមានការជំរុញពីថ្នាក់ដឹកនាំសហព័ន្ធ និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ពានសម្ដេចធិបតី នេះ នឹងត្រូវរៀបចំជាប្រចាំ ចាប់ពីឆ្នាំ២០២៦ នេះតទៅ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា ការជំរុញឲ្យបន្ដរៀបចំពានរង្វាន់ប្រមុខថ្នាក់ដឹកនាំនេះ គឺដើម្បីជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករ ដែលបានប្រមូលផ្ដុំក្នុងជំរុំជម្រើសជាតិ តាមរយៈការអញ្ជើញបណ្ដាក្លិប និងក្រុមជម្រើសជាតិខ្លាំងមកចូលរួម ជាក់ស្ដែងលើកនេះ សហព័ន្ធបានអញ្ជើញក្រុម MBSA របស់ម៉ាឡេស៊ី និងក្រុម Dong Hai របស់វៀតណាម មកចូលរួម ខណៈក្រុមជម្រើសជាតិកម្ពុជា បានបែងចែកជា ២ក្រុម គឺក្រុមA និងក្រុមB ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ទន្ទឹមជាមួយគ្នាលោកក៏បានសម្ដែងការសោកស្ដាយ ចំពោះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលដំបូងឡើយត្រូវចូលរួមប្រជែងពានដែរ តែដោយសារការប្រកួតនេះ ស្ថិតក្នុងរដូវកាលប្រមូលផ្ដុំជម្រើសជាតិ ដែលបណ្ដាប្រទេសនានា មិនអាចប្រកួតពានរង្វាន់បាន គឺបានត្រឹមប្រកួតលក្ខណៈមិត្តភាព។ ដូច្នេះឥណ្ឌូនេស៊ី នឹងចូលរួមប្រកួតលក្ខណៈមិត្តភាព តែជាមួយក្រុមជម្រើសជាតិកម្ពុជាប៉ុណ្ណោះ ដើម្បីចៀសវាងការរងទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទះអាស៊ី និងអន្ដរជាតិ។

យ៉ាងណាក្ដីក្នុងនាមសហព័ន្ធ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នៅតែចាត់ទុកវត្តមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មកប្រកួតមិត្តភាពនៅកម្ពុជា គឺជាមោទនភាព ព្រោះបង្ហាញឲ្យឃើញថា សមត្ថភាពកីឡាករបាល់ទះកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមខ្លាំងប្រចាំតំបន់ ។ លោកថា ដំបូងឡើយឥណ្ឌូនេស៊ី ត្រូវទៅបោះជំរុំហ្វឹកហាត់នៅជប៉ុន ដើម្បីត្រៀមកីឡាអាស៊ី តែការសម្រេចមកលេងមិត្តភាពជាមួយកម្ពុជានេះ គឺជារឿងល្អ ហើយក៏ជាឱកាសសម្រាប់ក្រុមកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍសមត្ថភាពមួយកម្រិតបន្ថែមទៀតផងដែរ។
សម្រាប់រដូវកាលទី២ នៃពានរង្វាន់ «សម្ដេចធិបតី» នេះដែរ ក្នុងចំណោមបេក្ខភាព ៤ក្រុមចូលរួម គឺត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ពីថ្ងៃទី១៩-២១ ខែសីហា មុនបន្ដការប្រកួតវគ្គខ្វែង រវាងក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។
ទន្ទឹមជាមួយគ្នានៅថ្ងៃបើកការប្រកួតពានសម្ដេចធិបតី នាល្ងាចថ្ងៃទី១៩ ខែសីហា ក៏នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ មុនក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងលក្ខណៈមិត្តភាព ជាលើកទី២ នាថ្ងៃទី២៥ ខែសីហាខាងមុខ។ ជាមួយព្រឹត្តិការណ៍បាល់ទះដ៏ធំនេះដែរ សហព័ន្ធនឹងមានការលក់សំបុត្រ ដើម្បីកៀរគរមូលនិធិសម្រាប់បែងចែកមួយផ្នែកជួយដល់វីរកងទ័ពជួរមុខ មួយផ្នែកជួយដល់បងប្អូនជនភៀសសឹក និងមួយផ្នែកបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារផងដែរ៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា