កីឡា
ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ
ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។
សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong Nai ៣សិតជាប់គ្នា ក្នុងពិន្ទុ ២៥-២១, ២៥-២២ និង ២៥-២២។ ជ័យជម្នះនេះ នាំឲ្យក្រុមកម្ពុជា-A ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយប្រកួតដំបូងយកឈ្នះក្រុមកម្ពុជា-B កាលពីថ្មីៗ។
ដោយឡែកក្រុមបាល់ទះកម្ពុជា-B ដែលប្រជុំដោយកីឡាករយុវជនបន្ដវេន បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ទល់នឹងក្រុមខ្លាំង MBSA របស់ម៉ាឡេស៊ី ដែលមានកីឡាករអន្ដរជាតិមកពីអឺរ៉ុប ៤រូបចូលរួម ក្នុងនោះសិតទី១ ក្រុមកម្ពុជា-B បានយកឈ្នះ ២៥-២៣ពិន្ទុ មុនភ្លាត់ចាញ់ក្លិបមកពីវៀតណាមនេះ ២សិតជាប់គ្នាក្នុង ២២-២៥ពិន្ទុ នៅសិតទី២ និងសិតទី៣ តែសិតទី៤ ក្រុមកម្ពុជា-B បានយកឈ្នះជាថ្មី ២៥-២៣ពិន្ទុ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ ដើម្បីកាត់សេចក្ដី ហើយក្រុម MBSA បានយកឈ្នះក្រុមកម្ពុជា-B ១៥-៧ពិន្ទុតែម្ដង។
ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា បច្ចុប្បន្នក្រុមកម្ពុជា-A កំពុងឈរកំពូលតារាង មាន ៦ពិន្ទុ តាមពីក្រោយដោយក្រុម MBSA របស់ម៉ាឡេស៊ី រកបាន ៤ពិន្ទុ គ្រាដែលកម្ពុជា-B និងក្រុម Dong Nai របស់វៀតណាម រកបាន ១ពិន្ទុដូចគ្នា មុនបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុ នៅល្ងាចថ្ងៃទី២១ ខែសីហានេះ ដោយក្រុមកម្ពុជា-A ត្រូវជួបក្រុម MBSA និងក្រុមកម្ពុជា-B ត្រូវជួបក្រុម Dong Nai នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រោយបញ្ចប់ការប្រកួតវិលជុំនេះ ទើបឈានដល់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ លេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ នាថ្ងៃទី២២ ខែសីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានសម្ដេចធិបតី នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣