Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន​ KB Financial Group ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន KB Financial Group នៅពេលសម្ដេចអញ្ជើញមកចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។

នៅក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន KB Financial Group បានសម្តែងនូវរីករាយដែលបានជួបសម្ដេចតេជោនាឱកាសនេះ។ លោកប្រធានក្រុមហ៊ុន KB បានបញ្ជាក់ទៀតថា ក្រោយពេលដែលសម្ដេចតេជោបានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ឡើងវិញនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន KB បានសិក្សាពីប្រទេសកម្ពុជា ហើយជាបន្តបន្ទាប់ បានពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ ក្រុមហ៊ុន KB Financial តែងតែដើរលើមាគ៌ាដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចតេជោ បានត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុនបានធ្វើការជាមួយប្រជាជនកម្ពុជាហើយមានការសហការគ្នាល្អ ដែលធ្វើឱ្យក្រុមហ៊ុនមានការវិវត្តទៅមុខ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ ដែលបានឃើញនូវការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ប្រាសាក់ និងវិស័យធនាគារផងដែរ ក្នុងនោះស្ថាប័នមីក្រូហិរញ្ញវត្ថុបានផ្ដល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដើម្បីបង្កើនជីវភាពរស់នៅ។ ក៏ប៉ុន្តែ នៅក្នុងពេលវិបត្តិកូវីដ១៩ បញ្ហាមីក្រូហិរញ្ញវត្ថុ បានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋផងដែរ។ នៅពេលនោះ សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយមិនចង់ឱ្យមានការរឹបអូសណាមួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាពសងប្រាក់កម្ចី។

សម្ដេចតេជោ បានស្នើដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ដែលអាចជាការផ្តល់កម្ចី​បន្ថែម ឬពន្យារពេលសម្រាប់ការបង់ការប្រាក់ និងកម្ចី។ សម្ដេចតេជោ ពិតជាអរគុណដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងនោះ ដែលបានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ទៅដល់លោកប្រធានក្រុមហ៊ុន KB Financial ថា នៅថ្ងៃខាងមុខ ពេលមានអតិថិជនស្នើសុំកម្ចី សូមពិនិត្យមើលថាតើគេខ្ចីប្រាក់យកទៅធ្វើអ្វី។ សម្ដេចបានណែនាំឱ្យមានការសិក្សាស្រាវជ្រាវទៅលើការខ្ចីប្រាក់ទាំងនោះ ហើយឃើញថា ភាគច្រើននៃកម្ចី គឺសម្រាប់ធ្វើអាជីវកម្ម ដែលត្រូវនឹងគោលដៅ ក៏ប៉ុន្តែក៏មានកម្ចីមួយចំនួនតូចដែលមិនចំគោលដៅ ដោយសារជាកម្ចី​មិនបានបម្រើដល់ផលិតកម្មទេ។

លោកប្រធានក្រុមហ៊ុន KB បានអរគុណសម្តេចតេជោ ដែលបានណែនាំឱ្យស្គាល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកទទួលយោបល់របស់សម្ដេច យកទៅអនុវត្តដើម្បីឱ្យប្រជាជនកម្ពុជាឈ្នះ និងអាជីវកម្មរបស់ក្រុមហ៊ុនរបស់លោកឈ្នះដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងធនាគាររបស់លោក កម្ចីភាគច្រើនជាកម្ចីដែលត្រូវគោលដៅ ហើយកម្ចីដែលខុសគោលដៅគឺមានតិចតួច។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា សម្ដេចមិនចង់ឱ្យមានកម្ចីខុសគោលដៅនោះទេ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមទៀតថា ធនាគារ KB ប្រាសាក់ មានឈ្មោះល្បី និងបានផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំង ក្នុងនោះ មានសមត្ថភាព ទ្រព្យសកកម្ម និងប្រាក់កម្ចីខ្ពស់ ដូច្នេះ ប្រទេសតូចដូចកម្ពុជា ហើយមានធនាគារដូច KB ប្រាសាក់ បញ្ជាក់ថា ប្រទេសកម្ពុជាមានកម្លាំងស្រូបខ្លាំង។

សម្ដេចតេជោ បានរំលឹកថា ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលពេលនោះ បានធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ ហើយកំណែទម្រង់ទាំងនោះ ធ្វើបានល្អ និងដោយរលូន ពីព្រោះ រហូតមកដល់ពេលនេះ គ្មានធនាគារណាមួយដួលរលំទេ។

សម្ដេចតេជោ ក៏បានអរគុណដល់ប្រព័ន្ធធនាគារក្នុងស្រុក ជាពិសេស ធនាគារវីង ឥឡូវនេះបានក្លាយទៅជាធនាគារពាណិជ្ជកម្ម ដែលបានប្រើប្រាស់នូវប្រព័ន្ធផ្ទេរប្រាក់ មានភាពងាយស្រួលទៅដល់តំបន់ជនបទ ដោយប្រើលេខទូរស័ព្ទ។ ​សម្ដេចដឹងពីប្រព័ន្ធនេះ ដោយសារតែសម្ដេចនៅបន្តជួយដល់ប្រជាជនក្រីក្រ ជាពិសេសក្រុមគ្រួសារមានការលំបាក ដែលមានមនុស្សចាស់ និងពិការ។

លោកប្រធាន ក្រុមហ៊ុន KB បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានជួយផ្ដល់អាហារូបករណ៍ ដល់និស្សិត និងជួយដល់កុមារ ដែលមានជំងឺបេះដូង ដោយបញ្ជូន​មកវះកាត់នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏បានសហការជាមួយរាជរដ្ឋាភិបាល ដោយផ្ដល់ជាកញ្ចប់ប្រាក់ដំបូងដល់ពលករកម្ពុជាដែលមកធ្វើការនៅកូរ៉េ នៅពេលចាប់ផ្តើមការងារ។ លោកប្រធាន ក្រុមហ៊ុន KB​ Financial ក៏បានជម្រាបសម្តេចតេជោផងដែរថា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ក្នុងការកសាងបណ្ណាល័យ បានចំនួន៤៦ និងកសាងសាលារៀន មួយខ្នងរួចហើយដែរ ហើយក្រុមហ៊ុននឹង​សាងសង់សាលារៀនបន្ថែមទៀតនាពេលខាងមុខនៅទូទាំងប្រទេសកម្ពុជា ជាពិសេស នៅតំបន់តាមព្រំដែន។

សម្ដេចតេជោបានអរគុណចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន និង បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជាគឺការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយសម្តេច តែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតដែលជួបការលំបាក។ សម្តេចតេជោ ស្នើឱ្យក្រុមហ៊ុនបន្តផ្តោតយកចិត្តទុកដាក់ទៅលើការរៀបចំបណ្ណាល័យបន្ថែមទៀត ពិសេស យកចិត្តទុកដាក់លើ​ការជំរុញការអានសៀវភៅឱ្យបានច្រើន។

នៅចុងបញ្ជប់​ លោកប្រធានក្រុមហ៊ុន KB Financial ក៏បានផ្ដល់ជំនួយជាថវិកាជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា ដើម្បីផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia