ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅប្រទេសចិន
ភ្នំពេញ៖ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។
ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់មិត្តភាព, ស្មោះត្រង់រួមគ្នា, អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់»។
តាមកម្មវិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងឡើងថ្លែងសុន្ទរកថាបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍កម្ពុជា និងកាត់ខ្សែបូសម្ពោធពន្លាជាតិ កម្ពុជាផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជាច្រើននាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីផងដែរ។
ការចូលរួមពិព័រណ៍ចិន-អាស៊ាននេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ដូចនេះ ការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី២១នេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមវេទិកាពាណិជ្ជកម្មនានា និងរៀបចំវេទិកាជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។ តាមការគ្រោងទុកកម្ពុជានឹងមានការរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា ក្នុងអំឡុងពេលកម្ពុជាចូលរួមពិព័រណ៌ដ៏មានសារសំខាន់នេះ៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា