Connect with us

Uncategorized

ប្រទេសដៃគូរបស់កម្ពុជាកំពុងបន្តស្ថានភាពល្អប្រសើរ គាំទ្រដល់ការរីកលូតលាស់​សេដ្ឋកិច្ចក្នុងស្រុក

អ្នកជំនាញ និងសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា នៅក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងខ្លាំង គាំទ្រដោយ ការនាំចេញទំនិញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀង និងប្រទេសផ្សេងៗ ស្របពេលដែលប្រទេសដៃគូរបស់កម្ពុជា ត្រូវបានរំពឹង នឹងបន្ត ស្ថានភាពល្អប្រសើរឡើងវិញ។

ទាក់ទិនសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានាដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធី គាំទ្រកំណើនតាមវិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹងទុក នឹងមានកំណើនយឺត និងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ។ ស្របពេលនេះដែរ ផ្អែកតាមរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សម្រាប់សេដ្ឋកិច្ចដែលជាប្រទេស ដៃគូរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អ ដែលនឹងជួយគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា តាមរយៈការដាក់វិធានការរបស់រាជរដ្ឋាភិបាលខាងលើនេះ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៥ នេះ នឹងអាចដើរនៅលើមាគ៌ាកំណើនឡើងវិញ បន្ទាប់ពីប៉ះទង្គិចផ្ទួនៗពីវិបត្តិកន្លងមក ស្របពេល ភាពតាន់តឹងគោលនយោបាយរូបិយវត្ថុដុល្លារអាមេរិក មានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលដល់ក្របខណ្ឌម៉ាក្រូសេដ្ឋ កិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយបានជួយគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកបន្តងើបឡើងវិញ។

លោកបណ្ឌិត Alexander Evengroen ទីប្រឹក្សាសមាគមសហគ្រិនវីម៉ូកម្ពុជា និងជាសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្តើរៗ ហើយនឹងងើបឡើងកាន់ តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ទៀត ដែលគាំទ្រដោយការនាំចេញទំនិញជាច្រើន តាមរយៈទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហ- ប្រតិបត្តិការជាមួយប្រទេសដៃគូផ្សេងៗ ខណៈដែលបច្ចុប្បន្ន លំហូរវិនិយោគិនបរទេស និងក្នុងស្រុកជាដើម បានបណ្តាក់ទុនវិនិយោគ មានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា យោងតាមការវាយតម្លៃនៃក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋ- កិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយអាចសម្រេចបានក្នុងរង្វង់ ៦,៣ ភាគរយ គាំទ្រជាចម្បងដោយវិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖សុន រ៉ាឌី

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia