Connect with us

ព័ត៌មាន

កងទ័ពឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ថ្លែងអំណរអរគុណដល់សប្បុរសជន ដែលចូលរួមផ្ដល់សម្ភារៈ និងអំណោយលើកទឹកចិត្ត

ភ្នំពេញ៖ កងទ័ពកំពុង ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ថ្លែងអំណរអរគុណដល់សប្បុរសជន ដែលបាននាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជាការចូលរួមលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងការពារបូរណភាពទឹកដីរបស់កម្ពុជា ។

ជាក់ស្ដែងនាព្រឹកថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥ នេះព្រះគ្រូ ញ្ញាណរតនៈឧត្តម ឈាន ណារ័ត្ន ព្រះគ្រូសូត្រស្ដាំ វត្តអន្លងរមៀត ស្រុកកណ្ដាលស្ទឹង ព្រះតំណាងឲ្យសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ី អេច និង ក្រុមហ៊ុន សុខ ធារ៉ា រួមជាមួយក្រុមការងារ បាននាំយកនូវអំណោយសប្បុរសធម៌ មានជាគ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យដូចជាអាល់កុល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

នៅក្នុងឱកាសនោះ ព្រះគ្រូ ញ្ញាណរតនៈឧត្តម ឈាន ណារ័ត្ន ព្រគ្រូសូត្រ ស្ដាំ វត្តអន្លងរមៀត ស្រុកកណ្ដាលស្ទឹង ព្រះតំណាងដែលបាននាំមកនូវអំណោយសប្បុរសធម៌ មានថេរដីកាថ្លែងការកោតសរសើរ ដោយស្មោះអស់ពីព្រះទ័យ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ នាយទាហាន ពលទាហាន កងកម្លាំង ប្រដាប់ អាវុធ និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់នៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។

ព្រះអង្គ ក៏បានបង្ហាញពីព្រះទ័យ គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការនាំយកបញ្ហាដែនដីនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់ បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីសម្រាប់ក្នុងការចរចានិងដោះស្រាយ បញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួម ទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។

ក្នុងនោះដែរ ឧត្ដមសេនីយទោ សួន ពិរុណ មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ជួយឧបត្ថម្ភគាំទ្រ និងឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងតម្រូវការជាក់ស្ដែងសម្រាប់អង្គភាព ព្រមទាំងស្បៀងបន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

អំណោយសប្បុរសធម៌ដែលត្រូវបានយកមកប្រគល់ជូន បញ្ជាការដ្ឋានអង្គរក្ស និងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលនេះរួមមាន ៖ ធុងចំណុះ១០០០លីត្រ ចំនួន១០ធុង ,ធុងចំណុះ២០០លីត្រ ចំនួន ២០ធុង ,,កានតូច ចំនួន៣០០កាន, អាល់កុលកម្រិត៧៥% ចំនួន ៥០កាន ,មី២០០កេស , អង្គរ២តោន , ទឹកត្រី ១០០យូរ ,ទឹកស៊ីអ៊ីវ ១០០យូរ ,ទឹកសុទ្ធ៥០០យូរ និងថវិកា ៥លានរៀល។

សូមជម្រាបថា ក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត បានយកផលិតផលដែលបានប្រើប្រាស់រួចមកកែច្នៃឡើងវិញ ត្រូវបានផលិតជា អាល់កុល សម្រាប់ប្រើប្រាស់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនានា។ សិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia