ព័ត៌មាន
ក្រសួងរ៉ែ និងថាមពល ប្រើប្រាស់មូលនិធិរ៉ែអស់ ៦,៥ លានដុល្លារ លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន បានចំនួន ៩៩ គម្រោង ចំណាយថវិកាអស់ ៦,៥ លានដុល្លារអាមេរិក និង ៣១ គម្រោង គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ នេះ មានថវិកាជាង ២,៦ លានដុល្លារអាមេរិកបន្ថែម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងកម្មវិធីសំណេះសំណាល ស្តីពីការស្នើសុំមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា មូលនិធីរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុយ សែម អតីត រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណងបង្កើនសុខដុមនីយកម្មរវាងសហគមន៍មូលដ្ឋានជាមួយនឹងការដ្ឋានរ៉ែ តាមរយៈការផ្តល់ ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលជូនដល់សហគមន៍មូលដ្ឋាន ដែលមានប្រតិបត្តិការធនធានរ៉ែ។
ឯកឧត្តម បន្តឱ្យដឹងថា ជាគោលការណ៍ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹក ប្រើប្រាស់ការងារអប់រំ និងគម្រោងនានាពាក់ព័ន្ធទៅនឹងសុខុមាលភាពសហគមន៍មូលដ្ឋាន គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទាំង ប្រទេសបានចំនួន ៩៩ គម្រោង ដោយបានចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក និងមាន ៣១ គម្រោងទៀត គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥នេះ ដែលគិតជា ថវិកាប្រមាណជាង ២,៦ លានដុល្លារអាមេរិកបន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បាននាំមកនូវ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង និងបានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ត្រូវបន្តប្រើប្រាស់មូលនិធិរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបន្តគ្រប់គ្រង និងប្រើប្រាស់មូលនិធិរ៉ែ សំដៅដល់ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានកាន់តែច្រើន ដែលមាន គម្រោងវិនិយោគធនធានរ៉ែ ស្ថិតនៅតំបន់នោះឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ រ៉ែសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ វត្ថុធាតុដើម មានថ្មសំណង់ គ្រួស ខ្សាច់ជាដើម សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ ធារាសាស្ត្រ និងសំណង់នានាដទៃទៀតទូទាំងប្រទេស។

ចំណែកស៊ីម៉ងត៍, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលស៊ីម៉ងត៍កម្ពុជាធ្លាប់តែធ្វើការនាំចូលទាំងស្រុង កាលពី អំឡុងទស្សវត្សរ៍ឆ្នាំ២០០០ ឥឡូវនេះត្រូវបានជំនួសវិញ ដោយផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលឆ្លើយតបបានតាមតម្រូវការសាង សង់នានា និងឈានទៅរកការនាំចេញទៅក្រៅប្រទេសទៀតផង។ ចំណែកឯឧស្សាហកម្មអាជីវកម្មរ៉ែមាសកម្រិតអន្តរជាតិ បានលេច ចេញជារូបរាងកាលពីឆ្នាំ២០២១ ស្របតាមគោលនយោបាយជាតិស្តីពីធនធានរ៉ែផងដែរ។ បញ្ហានេះ អាជ្ញាធរឃុំសង្កាត់នីមួយៗ ដែលមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់របស់ខ្លួន អាចដាក់សំណើរមកក្រសួងរ៉ែ និងថាមពល ស្នើសុំថវិកាពីមូលនិធីរ៉ែ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យចំគោលដៅ សម្រាប់យកទៅប្រើប្រាស់អភិវឌ្ឍឃុំសង្កាត់ជាប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព