ព័ត៌មាន
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ
កណ្ដាល៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលត្រៀមនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅពេលចុះពិនិត្យនេះ មន្ដ្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពី ទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ។
ក្រោយបញ្ចប់ទស្សនកិច្ចពិនិត្យហើយនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។
ចំពោះមុខនូវអ្វីដែលត្រៀមដាក់ឲ្យដំណើរការឆាប់ៗនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានណែនាំដល់គ្រប់បណ្ដាអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នដែលទទួលបន្ទុកការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ត្រូវត្រៀមលក្ខណៈម្ចាស់ការណ៍ឲ្យបានគ្រប់គ្រង គ្រប់ស្ថានភាពទាំងអស់ ដើម្បីធានាឲ្យដំណើរការនេះបានប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមសន្ដិបណ្ឌិត បានគូសបញ្ជាក់ទៀតថា មន្ដ្រីគ្រប់ផ្នែកទាំងអស់ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ គឺជាអ្នកដែលតំណាងឲ្យប្រទេសជាតិមុនគេ នៅចំពោះមុខភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមរយៈជើងហោះហើរ ពោលត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាសេចក្ដីថ្លៃថ្នូរ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានបំពេញទៅដោយឧបករណ៍ស៊េរីទំនើបៗចុងក្រោយគេបង្អស់ ដូច្នេះហើយមន្ដ្រីដែលបម្រើការងារត្រូវតែរៀនសូត្រឲ្យបានល្អិតល្អន់ និងត្រូវប្រាកដថា ឧបករណ៍ទំនើបហើយ សមត្ថភាពរបស់មន្ដ្រីត្រូវតែខ្លាំងដូចគ្នា។ លើសពីនេះ ក៏ត្រូវយកចិត្តទុកដាក់ជួយដល់អ្នកដំណើរប្រកបដោយភាពស្មោះត្រង់ សំដៅរក្សាកិត្តិយស កិត្យានុភាពជាតិ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ ៕ អត្ថបទ បាន សុខរិទ្ធិ




















-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី