ព័ត៌មាន
ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ជួបជុំគ្នា ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារប្រចាំនព្វមាស និងការតម្រង់ទិស ព្រមទាំងការដាក់ចេញនូវគោលដៅការងារបន្តបន្ទាប់ របស់សាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ ៖ ក្នុងបរិបទកម្ពុជា កំពុងឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ច ការរៀបចំប្រព័ន្ធ និងគោលការណ៍យុទ្ធសាស្ត្រដ៏សមស្រប គឺជាកិច្ចការមួយដ៏សំខាន់មិនអាចមើលរំលងបាន ក្នុងការជំរុញឱ្យសាលាភូមិន្ទរដ្ឋបាល បន្តពង្រឹងសមត្ថភាព គុណភាព និងនវានុវត្តន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាធារណៈ។ កិច្ចប្រជុំនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៥ របស់សាលាភូមិន្ទរដ្ឋបាល និងការតម្រង់ទិស ព្រមទាំងការដាក់ចេញនូវគោលដៅការងារបន្តបន្ទាប់ទៅមុខទៀត។
មានប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “កិច្ចប្រជុំរបស់យើងនាពេលនេះ គឺជាការពិភាក្សា និងតម្រង់ទិសការងាររបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីសម្រេចចក្ខុវិស័យក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រីរាជការឈានមុខ ទាំងគុណភាព ទាំងនវានុវត្តន៍ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះមតិយោបល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត លោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាទាំងអស់ នឹងក្លាយជាធាតុចូលដ៏មានតម្លៃ នឹងក្លាយទៅជាគោលបំណងរួមនៃការអភិវឌ្ឍសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានភាពរីកចម្រើន។”
កិច្ចប្រជុំនាព្រឹកនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន៧ រួមមាន៖ (១)របាយការណ៍វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ស.ភ.រ, (២)សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៦-២០៣០) របស់ស.ភ.រ, (៣)ការត្រៀមលក្ខណៈបែងចែកកន្លែងបំពេញការងាររបស់សិស្សមន្ត្រីក្រមការ ជំនាន់ទី១១, (៤)សំណើជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២, (៥)សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ ឆ្នាំ២០២៦, (៦)ប្លង់ទីតាំងនៃអគារថ្មី របស់ស.ភ.រ. និង (៧)បញ្ហាផ្សេងៗ។
ក្រោយពេលដែលបានស្តាប់មតិយោបល់របស់សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ក្នុងការពិភាក្សាយោបល់យ៉ាងផុលផុសលើគម្រោងផែនការយុទ្ធសាស្ត្រ និងទិសដៅការងារឆ្ពោះទៅមុខលើការពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែល្អប្រសើរ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជាកិច្ចពិភាក្សារបស់យើងជារួម ផ្គួបផ្សំនឹងផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ គឺឆ្លុះបញ្ចាំងបញ្ជាក់ថា យើងមិនមែនគិតត្រឹមតែមុំនៃវគ្គបណ្តុះបណ្តាល ទៅលើវិជ្ជាជីវៈ ឬសមត្ថភាពរបស់មន្ត្រីរាជការដែលត្រូវចេញទៅបម្រើប្រទេសជាតិតែមួយមុខនោះទេ គឺយើងបានគិតគូរទៅលើមនសិការ ស្មារតី និងឥរិយាបថរបស់មន្ត្រីបន្ថែមទៀត។ “សាលាភូមិន្ទរដ្ឋបាល ដើរតួសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ ដែលជាឆ្អឹងខ្នងនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវមានសមត្ថភាព ទាំង Hard skills ទាំង Soft skills និងចាំបាច់ណាស់ត្រូវយល់ពីបុព្វហេតុរួមក្នុងការបម្រើប្រជាជនខ្មែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម។
បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងនូវចំណាប់អារម្មណ៍របស់មន្ត្រីក្រមការជំនាន់ទី១១ ដែលបានទទួលការបណ្តុះបណ្តាល់មុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ថា ឧត្តមភាពមន្ត្រីរាជការ គឺជាលក្ខណៈសម្បត្តិមានតម្លៃខ្ពង់ខ្ពស់ ដែលមន្ត្រីរាជការត្រូវតែមាន ដើម្បីឱ្យការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ភាពស្អាតស្អំ សុចរិតភាព សេចក្តីស្មោះត្រង់ និងការគោរពច្បាប់ ទម្លាប់របស់មន្ត្រីរាជការ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងរដ្ឋមួយដែលមានសមត្ថភាព យុត្តិធម៌ ហើយជាស្ពានភ្ជាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីធានាថាគោលនយោបាយរដ្ឋ បានផ្តល់ជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឱ្យមានប្រសិទ្ធភាព និងសមត្ថភាព។ តាមរយៈមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» នេះ បានធ្វើឱ្យសិក្សមន្ត្រីគ្រប់រូបកាន់តែស្រលាញ់អាជីពមន្ត្រីរាជការ ប្រកបដោយឧត្តមភាព ហើយបានប្តេជ្ញាចិត្តបំពេញការងារក្នុងអាជីពមួយនេះ ដើម្បីតបស្នង គុណទឹកដីមាតុភូមិ បុព្វបុរស ពោលគឺដាក់ចិត្តដាក់កាយបំពេញការងារប្រកបទៅដោយឧត្តមភាព។
សូមជម្រាបថា កិច្ចប្រជុំនេះប្រព្រឺត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងសាស្ត្រាចារ្យឧត្តមសិក្សាដែលជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីជំនាញជាច្រើនរូប៕











-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley