ព័ត៌មាន
ជិត៨ខែកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទាញយុវជនចូលរៀនជាង ៤ម៉ឺននាក់
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ឱ្យដឹងថា
គិតចាប់ពីប្រកាសដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះយុវជន និងសិស្សចូលរៀនបានចំនួនសរុបជាង ៤ម៉ឺននាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួនជាង ១ម៉ឺន ៧ពាន់នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ឱ្យដឹងថា កាលពីខែឧសភាកន្លងទៅនៅក្នុងចំណោមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសចំនួន ៣៧ ដែលស្ថិតនៅក្រោមក្រសួងការងារ បានធ្វើតេស្តបញ្ចប់សមត្ថភាពសិស្សដែលបានរៀនវគ្គព្រឹក និងរសៀលចំនួនជាង ៣,២០០ នាក់ ក្នុងនោះសិស្សដែលប្រឡងជាប់មានចំនួនជិត ៣ពាន់នាក់។ ហើយគិតមកដល់ពេលនេះ ក្នុងចំណោមសិស្សជិត៣ពាន់នាក់ មានក្រុមហ៊ុន រោងចក្រ សហគ្រាសកំពុងទាក់ទងចូលបម្រើការងារជាបណ្តើរៗក្នុងនោះមានមួយចំនួនក៏បានបើកមុខរបរអាជីវកម្មខ្លួនឯងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិតជាមានសារសំខាន់ណាស់ សម្រាប់ជីវិតនៅក្នុងវិកស័យការងារ ដែលសិស្សទាំងអស់អាចបើកអាជីវកម្មដោយខ្លួនឯងក៏បាន ឬក៏អាចធ្វើការតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានាក៏បាន ដែលមានការងារល្អ ប្រាក់ខែខ្ពស់ ហើយក៏ជាឱកាសច្រើនដែរសម្រាប់ប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅដែលត្រូវការអ្នកជំនាញច្បាស់លាស់មួយសម្រាប់ចូលធ្វើការងារ។
ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញនេះ សិស្សចំនួន២នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលខាងផ្នែកកែច្នៃបន្លែផ្លែឈើ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) គឺលោក អឿន បញ្ញា និងអ្នកស្រី ហួន ធារី បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា ពួកគាត់មានអារម្មណ៍ថារំភើប និងសប្បាយរីករាយ ដែលបានរៀនជំនាញដែលខ្លួនពេញចិត្ត បន្ថែមពីនេះ គឺការសិក្សាដោយមិនគិតថ្លៃអ្វីទាំងអស់ ថែមទាំងមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីគ្រូបង្រៀន។

យុវជនទាំងពីររូបនេះ បានទទួលស្គាល់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណិត្តទី៧នេះ ពិតជាផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្រៅពីការសិក្សាដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់យកមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, បរិក្ខាត្រជាក់និងកម្តៅ, ទេសចរណ៍, មេកានិកទូទៅ/មេកានិករថយន្ត, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ច និងព័ត៌មានវិទ្យា៕



អត្ថបទ៖ ឈិត បូរ៉ាវី
អត្ថបទ៖ BTV News
-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់