ព័ត៌មាន
កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ
នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់សម្តេចធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Tharman Shanmugaratnam និងឯកឧត្តមនាយករដ្ឋមន្រ្តី Lawrence Wong កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ព្រមទាំងបានគូសរំលេចអំពីកិច្ចពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដែលជាចំណងការទូតដ៏យូរអង្វែង ជាពិសេសចាប់តាំងពីប្រទេសកម្ពុជាបានទទួលស្គាល់ឯករាជ្យភាពរបស់សិង្ហបុរីនៅឆ្នាំ១៩៦៥ ហើយ សម្តេចធិបតី ក៏បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ សម្ដេចធិបតី និងឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើវិស័យសក្តានុពលមួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ សន្តិសុខថាមពល ការការពារបរិស្ថាន ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងការធានាបាននូវវិបុលភាពក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនជន្មាយុរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៨ ឈានចូល៨៩ ព្រះសិរីវស្សា។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថានឹងបានទទួលស្វាគមន៍ដ៏កក់ក្តៅចំពោះសម្តេចតេជោ បំពេញទស្សនកិច្ចនៅសិង្ហបុរី នាពេលខាងមុខនេះ៕

-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក