ព័ត៌មាន
រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត
បន្ទាប់ពីធ្វើដំណើរដល់ប្រទេសកម្ពុជាភ្លាមនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស (Maris SANGAMPONGSA) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ជាមួយគ្នានេះសម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុលរវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីន ជាដើម៕

អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ