Connect with us

ព័ត៌មាន

កម្ពុជា វៀតណាម និងឡាវ ជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស

កម្ពុជា ឡាវ និងវៀតណាម បានជំរុញលើការការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ ខណៈមេដឹកនាំប្រទេសទាំងបីបានផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរពបច្ចេកទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំងអស់ ជាពិសេស គោលការសន្ដិភាពជាមួយគ្នា។ នេះបើតាម ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម ឡាវ ដែលដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយគ្មានការប្រើប្រាស់កម្លាំង គឺជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលហៅថា សន្ធិសញ្ញាបារាំង-សៀម ឬអនុសញ្ញានេះ គឺជាចំណុចពិសេសមួយដែលប្រើប្រាស់មិនមែនតែកម្ពុជាទេ ព្រំដែនជាមួយឡាវ ក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរ ដូច្នេះការដែលថ្នាក់ដឹកនាំទាំង៣ (កម្ពុជា-ឡាវ-វៀតណាម) ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ការវាស់ព្រំដែនសេសសល់ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនេះ គឺជាគំរូមួយដែលប្រទេសថៃ ព្រោះប្រទេសទាំងពីរទោះបីជាខឹងគ្នាឈ្លោះគ្នាយ៉ាងណា ក៏មិនអាចលើកប្រទេសទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត អញ្ចឹងត្រូវមើលទៅគំរូនៃកម្ពុជា វៀតណាម ឡាវដែលដោះស្រាយបញ្ហាដោយសន្តិវិធីហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយនៅលើផែនទី និងយន្តការដែលមានស្រាប់ អ្វីដែលយើងធ្វើនេះគឺជាគំរូល្អមួយអញ្ចឹងប្រជាជនលោករីករាយ»។

ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន ស្ថានការពិភពលោក មានការរំជើបរំជួលនូវសណ្តាប់ធ្នាប់ជាសកលខ្លះក៏ដោយ ក៏មិនមានប្រទេសណាមួយបានដកខ្លួនពីច្បាប់អន្តរជាតិនោះឡើយ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំងបី កម្ពុជា ឡាវ និងវៀតណាម ក៏ជាការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម មិនយកកម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ។

សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤ ភាគរយហើយនៅសល់តែ១៦%ទៀតតែប៉ុណ្ណោះ។ ចំណែកព្រំដែនជាមួយប្រទេសឡាវមានប្រមាណ៥៤០គីឡូម៉ែត្រក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបាន ៨៦% នៅសល់១៤%ទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia