ព័ត៌មាន
សម្ដេចធិបតីណែនាំឱ្យគោះជួងទូងស្គរអបអរពេលចុចប៊ូតុងសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យគោះជួង ទូងស្គរអបអរពេលចុចប៊ូតុងសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរជាដើមព្រមៗគ្នា នៅវេលាម៉ោង ៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ស្របពេលដែលសម្តេចចុចប៊ូតុងសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។ សម្ដេចធិបតីបញ្ជាក់ថា នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេសតាមដែលអាចធ្វើបានផងដែរ។

នៅថ្ងៃទី៥ ខែកក្កដានេះដែរសម្ដេចធិបតី ក៏បានបានចេញសារាចរណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន ព្រមទាំង ជនរួមជាតិគ្រប់រូបទូទាំងប្រទេស រួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ៩:០៩នាទីព្រឹកនៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។ គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់រៀបចំពិធីអបអរសាទរ ដោយ រៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់។ ចំណែក ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងទស្សនីយភាពអបអរសាទរនានាពាក់ព័ន្ធនឹង ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រនិងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង របស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គីនិង មនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង