ព័ត៌មាន
ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។
នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត់ដ៏ឈ្លាសវ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
តាមរយៈព្រះរាជសារនេះព្រះករុណាព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូលប្រកាស សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រសំបូរព្រៃគុក « ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់ផងដែរ។
ជាមួយគ្នានោះដែរព្រះអង្គក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕
អត្ថបទ: បាន ចក់

-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី